២នាក់បានស្លាប់ និង១៣នាក់ទៀតកំពុងសង្គ្រោះបន្ទាន់សង្ស័យពុលទឹកអណ្ដូងដៃនៅស្រុកទឹកផុស

២នាក់បានស្លាប់ និង១៣នាក់ទៀតកំពុងសង្គ្រោះបន្ទាន់សង្ស័យពុលទឹកអណ្ដូងដៃនៅស្រុកទឹកផុស

កំពង់ឆ្នាំង៖ យ៉ាងហោចណាស់មានស្រ្តី២នាក់បានស្លាប់បន្ទាប់ពីបញ្ជូនមកសង្រ្គោះបន្ទាន់នៅមន្ទីរបង្អែកខេត្ត និង១៣នាក់ផ្សេងទៀត មានអាការៈធ្ងន់ និងស្រាលកំពុងសង្រ្គោះបន្ទាន់ បន្ទាប់ពីជនរងគ្រោះទាំងអស់ បាននាំគ្នាហូបទឹកអណ្តូងនៅតាមវាលស្រែ ពេលសម្រាកហូបបាយថ្ងៃត្រង់រួច កាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិជីបរ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ 

 

ជនរងគ្រោះដែលស្លាប់ក្នុងករណីពុលទឹកនេះម្នាក់ឈ្មោះ ណុល វ៉ារ៉ុម អាយុ៤៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ ម៉ៅ ចិន្តា អាយុ៤៧ឆ្នាំ ទាំងពីរនាក់រស់នៅភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

 

យុវជនម្នាក់ឈ្មោះ រី សារ៉ន ជាជនរងគ្រោះកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យដែរនោះ បានប្រាប់ឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០ ២០ ប្រជាពលរដ្ឋ និងម្ចាស់ស្រែសរុបមានចំនួន១៤នាក់ និងមានក្មេងស្រីម្នាក់ផងដែរ បានទៅច្រូតស្រូវ នៅចំណុចអូរូង ក្នុងភូមិជីប្រង លុះដល់វេលាម៉ោង១២៖០០នាទីថ្ងៃត្រង់ បាននាំគ្នាឈប់សម្រាកហូបបាយ ខណៈនោះរូបគាត់បានទៅដងទឹកអណ្ដូងដៃ មួយកន្លែង នៅក្នុងស្រែដើម្បីយកមកហូបទាំងអស់គ្នា។

 

យុវជនខាងលើ បានបន្តឲ្យដឹងទៀតថា ពេលដែលគាត់ទៅដងទឹកអណ្តូងនោះ គាត់បានឃើញនៅមាត់អណ្ដូងមានកញ្ចប់ថ្នាំសម្លាប់សត្វល្អិតនៅក្បែរនោះជាច្រើនកញ្ចប់ដែរ តែគាត់មិនបានចាប់ អារម្មណ៍នោះទេ គឺគាត់បានដងទឹកអណ្ដូងមួយធុង យកមកចែកគ្នាហូបនៅកន្លែងសម្រាកហូបបាយ។

 

ក្រោយពីនាំគ្នាហូបបាយរួចហើយសម្រាកបន្តិច ក៏ចាប់ផ្ដើមនាំគ្នាចុះច្រូតជាបន្តទៀត រហូតដល់ម៉ោង៤ល្ងាច អ្នកខ្លះបានចាប់ផ្តើមមានអាការៈក្អួតចង្អោរ ឈឺ ក្បាល វិលមុខ ជាបន្តបន្ទាប់ និងបានបញ្ជូនមកមណ្ឌលសុខភាពស្រុកទឹកផុស ប៉ុន្តែដោយសារអាការៈធ្ងន់ធ្ងរ ត្រូវបានបញ្ជូនបន្តមកកាន់មន្ទីរពេទ្យបង្អែកខេត្តនៅម៉ោង៩យប់។

 

ដោយសារតែអាការៈធ្ងន់ធ្ងរ មិនអាចជួយសង្គ្រោះបាន រហូតដល់ម៉ោងជាង ១២អាធ្រាត្រ ស្រ្តីម្នាក់ជាម្ចាស់ស្រែបានស្លាប់ និងនៅថ្ងៃទី២៦ ខែវិច្ឆិកា នៅម៉ោង៥៖៤៥នាទីល្ងាច ស្ត្រីម្នាក់ទៀតក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តផងដែរ។

 

ស្ត្រីឈ្មោះ ភិន ស្រីណេ ដែលបានរងគ្រោះក្នុងហេតុការណ៍ខាងលើ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ ពួកកគាត់ទាំងអស់មានគ្នា១៤នាក់ រួមទាំងកុមារតូចម្នាក់ផងនោះ បានទៅច្រូតស្រូវ ប្រវ៉ាស់ដៃគ្នាជាមួយនឹងម្ចាស់ស្រែ ដែលមានទីលំនៅក្នុងភូមិជាមួយគ្នា ហើយបាននាំគ្នាចុះច្រូតស្រូវ តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ ទើបនាំគ្នាឈប់សម្រាកហូបបាយ ថ្ងៃនោះទាំងអស់គ្នា បានហូបបាយជាមួយនឹងសម្លក្តាម មិនមានម្ហូបអ្វីផ្សេងនោះទេ ពេលហូបបាយរួចហើយក៏នាំគ្នាហូបទឹកអណ្ដូងនេះទាំងអស់គ្នាផងដែរ។

 

ស្ត្រីខាងលើបានឲ្យដឹងទៀតថា នៅក្បែរស្រែក៏មានចម្ការ ឪឡឹកមួយ ដែលចម្ការនេះសង្ស័យថា គេបាញ់ថ្នាំសម្លាប់សត្វល្អិតក្នុងចម្ការឪឡឹក ដោយប្រើទឹកអណ្ដូងដៃនេះ ទើបនៅពេលដងទឹកអណ្តូង យកមកហូប ក៏បណ្តាលឲ្យមានអាការៈពុលរហូតដល់មានមនុស្សស្លាប់ និងរងគ្រោះររដូករណែល កំពុងសង្គ្រោះនៅក្នុហមន្ទីរពេទ្យដូច្នេះ នេះគ្រាន់តែជាការសង្ស័យរបស់គាត់តែប៉ុណ្ណោះ តែយ៉ាងណានោះ រង់ចាំលទ្ធផលនៃការស្រាវជ្រាវរបស់សមត្ថកិច្ចសិន។

 

បើយោងតាមលោក ខែម វិបុល អធិការនគរបាលស្រុកទឹកផុសបានប្រាប់ឲ្យបណ្ដាញសារព័ត៌មានដឹងថា ករណីដែលមានប្រជាពលរដ្ឋស្លាប់២នាក់ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ១៣នាក់ទៀតនោះ គឺមានការសង្ស័យទៅលើការហូបទឹកអណ្ដូងដៃនេះ តែយ៉ាងណាពិតប្រាកដនោះ មន្ត្រីជំនាញកំពុងតែធ្វើការស្រាវជ្រាវផងដែរ។ ដោយឡែក អណ្ដូងដៃមួយនេះក៏ត្រូវបានធ្វើរបងព័ទ្ធជុំវិញមិនឲ្យមានមនុស្សម្នា ឬសត្វមកហូបទឹកអណ្ដូងនេះជាបន្តទៀតឡើយ។

 

តែបើតាម លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងក៏បានប្រាប់ឲ្យបណ្ដាញសារព័ត៌មានដឹងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា អ្នកជំងឺដែលបានដឹកយកមកដល់មន្ទីរពេទ្យបង្អែកខេត្តទាំងអស់មានចំនួន១៥នាក់ ហើយពីរនាក់បានស្លាប់ ដោយសារតែមានអាការៈធ្ងន់ធ្ងរពេក មិនអាចជួយសង្គ្រោះបាន ដោយឡែកអ្នកជំងឺ១៣នាក់ទៀត ត្រូវបានក្រុមគ្រូពេទ្យ កំពុងតែយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះ មកដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ពួកគាត់បានធូរស្បើយជាបន្តបន្ទាប់ហើយ និងឈានទៅដល់ការជាសះស្បើយក្នុងពេលឆាប់ៗនេះផងដែរ៕

Share this post

Post Comment