​នារី​ខ្មែរ​ជិត​១​ម៉ឺន​នាក់​បាន​រៀបការ​ជាមួយ​បុរស​កូរ៉េ​

​នារី​ខ្មែរ​ជិត​១​ម៉ឺន​នាក់​បាន​រៀបការ​ជាមួយ​បុរស​កូរ៉េ​

សេ​អ៊ូ​ល​៖ រហូតមកដល់​ពេលនេះ​មាន​នារី​ខ្មែរ​ជាង​៨​ពាន់​នាក់​ហើយ​បាន​រៀបការ​ជាមួយ​បុរស​កូរ៉េខាងត្បូង តែ​ជិត​ពាក់កណ្តាល​នៃ​ចំនួន​នោះ ក៏​បាន​លែងលះគ្នា​ទៅវិញ​។ នេះ​បើ​យោង​តាម​តួ​ដែល​លោក ឡុង ឌី​ម៉ង់ ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​កូរ៉េខាងត្បូង​ទទួលបាន​ត្រួសៗ​។​

​ការ​លែងលះ​គ្នា​មាន​ចំនួន​ច្រើន​បែប​នេះ​មិនមែន​កើតឡើង​ចំពោះតែ​នារី​ខ្មែរ​ទេ វា​ជា​ចរន្ត​ទូទៅ​ក្នុង​សង្គម​បុរស​កូរ៉េ​ដែល​យក​ប្រពន្ធ​បរទេស​។​

​មន្ត្រី​ការទូត​និង​អ្នក​សា​ព័ត៌មាន​កូរ៉េ​បាន​និយាយថា ការ​លែងលះ​គ្នា​ភាគច្រើន កើតឡើង​ដោយ​កតា្ត​វប្បធម​កូរ៉េ​ដែល​តម្រូវ​ឱ្យ​ប្រពន្ធ​ត្រូវ​តែ​ចេះ​និយាយ​ភាសា​កូរ៉េ ត្រូវតែ​រៀបចំ​ម្ហូបអាហារ​ឱ្យ​ប្តី​ទាំង​ពេល (​ព្រឹក ថ្ងៃ​និង​ល្ងាច​) និង​ត្រូវ​ជួយ​មើល​ថែទាំ​ឪពុក​ម្តាយក្មេក ។​ល​។ ទាំងនេះ ជា​ការដើរបញ្ច្រាស់​ទៅនឹង​ទម្លាប់​រស់នៅ​បែប​ថ្មី​របស់​នារី​អាស៊ី​មួយចំនួន នាពេល​បច្ចុប្បន្ន​ដែល​គេ​ចូលចិត្ត​ទៅ​ញាំ​អាហារ​នៅ​ខាងក្រៅ​ឬ​ចង់​មាន​សេរីភាព​គ្រួសារ​ជាង​មុន​។

​ជុំវិញ​ការ​រក​ប្រពន្ធ​បរទេស​នេះ រដ្ឋាភិបាល​កូរ៉េ​បាន​បង្ហើប​ឱ្យដឹងថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ នារី​វៀតណាម​កំពុង​ពេញនិយម ដែល​ក្នុង​មួយៗ​ឆ្នាំ​មាន​នារី​វៀតណាម ប្រហែល​៦​ពាន់​នាក់​បាន​រៀបការ​ជាមួយ​បុរស​កូរ៉េ​។

​បើ​យើង​មើល​មួយ​ភ្លែត​ហាក់ដូចជា​សំណាង​របស់​នារី​បរទេស​ទាំងនោះ រួម​ទាំង​នារី​ខ្មែរ​ផង តែ​ការពិត មិនមែន​សុទ្ធតែ​សំណាង​នោះ​ទេ វា​ជា​រឿង​អភ័ព្វ​ទៅ​វិញ​ក៏​ថា​បាន​។

​តាម​ការស្ទង់មតិ​ទៅលើ​នារី​ជា​ប្រពន្ធ​ចំនួន​៩២០​នាក់ នៅ​ឆ្នាំ​២០១៨ កន្លងមកនេះ បានបង្ហាញ​ថា ៤២%​សុទ្ធ​តែ​ឆ្លងកាត់​អំពើហឹង្សារ​ក្នុងគ្រួសារ​ដែល​បង្កដោ​យ​ប្តី​។ ហើយ​ថ្មីៗ​នេះ អំពើហឹង្សារ​លើ​ប្រពន្ធ​ជា ស្ត្រី​វៀតណាម​អាយុ​៣៦​ឆ្នាំ​នៅ​ចំពោះមុខ​កូន​បាន​ធ្វើឱ្យ​រដ្ឋាភិបាល​កូរ៉េ​ត្រូវ​បង្ខំចិត្ត​ចេញ​បញ្ញតិ​ថ្មី​មួយ​ហាម​មិនឱ្យ​បុរស​កូរ៉េ​ដែល​មាន​ប្រវត្តិ​ប្រើ​អំពើហឹង្សារ​លើ​ប្រពន្ធ​អាច​រៀបការ​ជា​មួយ​នារី​បរទេស​ថ្មី​ទៀតឡើយ​។

​ទន្ទឹម​នឹង​បំរាម​ខាងលើ រដ្ឋាភិបាល​កូរ៉េ​ក៏​បាន​បិទ​ភ្នែក​ម្ខាង​ឱ្យ​ប្រុសៗ​របស់​ខ្លួន​មាន​ឱកាស យកប្រពន្ធ​បរទេស ដើម្បី​បង្កើត​កូន​ឱ្យបាន​ច្រើន​ក្នុង​បំណង​រក្សា​តុល្យភាព កំណើន​មនុស្ស​ថ្មី​ជំនួស​មនុស្ស​ចាស់ ។​

​បច្ចុប្បន្ន​ប្រទេស​កូរ៉េខាងត្បូង​កំពុង​ជួប​បញ្ហា​សង្គម​ពីរ​៖ ទី​មួយ​ចំនួន​នារី​ច្រើន​ជាង​បុរស ពួកគេ​មិន​ចង់​រៀបការ​ហើយក៏​មិន​ចង់​មានកូន​ដែរ​។ ទី​ពីរ បុរស​កូរ៉េ​នៅតាម​ជនបទ​ពិបាក​សុំ​ស្នេហ៌​ពី​នារី​សា​សន៌ដូច​គ្នា​ដោយសារគ​ម្លាត​ចំណេះដឹង ការងារ និង​ប្រាក់​ចំណូល​។ កត្តា​នេះ​ហើយ​ដែល​ធ្វើឱ្យ​បុរស​កូរ៉េ​ភាគច្រើន​នៅ​ជនបទ​ត្រូវអេ (​កម្លោះ​ព្រៅ​) ដូច្នេះហើយ​ទើប​ពួកគេ​បែរ​ទិសដៅរ​កនា​រី​បរទេស​រហូត​ធ្លាយ​ដល់​អឺរ៉ុប​ខាងកើត​ឲ្យតែ​យកបាន​។

​ក្រៅ​ពី​កត្តា​ខាងលើ បុរស​កូរ៉េ​ក៏​តែង​សម្លឹងរ​កនា​រី​បរទេស​ដោយសារ​ចំណាយ​តិច អស់​ជាង​មួយ​ម៉ឺន​ដុល្លារ​បាន​ប្រពន្ធ​មួយ បើ​ប្រៀបធៀប​ការរៀប​អាពាហ៌ពិពាហ៍​ជាមួយនា​រីកូរ៉េ​គ្នាឯង​ត្រូវ​ចំណាយ​ជា​មធ្យម​ជិត​១០​ម៉ឺន​ដុល្លារ​ឯណោះ​។

​ដោយឡែក​ចំពោះ​នារី​កូរ៉េ​រកប្តី​បរទេ​សវិញ បើ​យោង​តាម​តួរ​លេខ​ឆ្នាំ​២០១៧ បុរស​ចិន​មានសំណាង​បាន​នារី​កូរ៉េ​ច្រើនជាងគេ បន្ទាប់មក​មាន អាមេរិក កាណាដា ជប៉ុន និង​អូស្ត្រាលី ។ បុរស​ខ្មែរ​មាន​ចំនួន​តិចតួច​ណាស់ ប្រហែលជា​មិនទាន់​ជាប់​ក្រសែភ្នែក​នារី​កូរ៉េ​នៅ​ឡើយ​ក៏​ថា​បាន ឬ​មួយ​ក៏​នារី​កូរ៉េ​មិនមែនជា​ជម្រើស​របស់​បុរស​ខ្មែរ​ក៏​មិនដឹង​។ អត្ថបទ​ក្រោយ​ខ្ញុំ​អាច​នឹង​ឈ្លេចសួរ​នារី​កូរ៉េ​និង​បុរស​ខ្មែរ​អំពី​ស្នេហា​ឆ្លង​សាសន៍​៕

Share this post

Post Comment