ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ជិត៥លានដុល្លារ ត្រូវបានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកទៅប្រគល់ជូនកាកបាទក្រហមកម្ពុជា និងជូនសម្តេចតេជោ ហ៊ុន សែន ទិញមន្ទីរពេទ្យនគរទេព

ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ជិត៥លានដុល្លារ ត្រូវបានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកទៅប្រគល់ជូនកាកបាទក្រហមកម្ពុជា និងជូនសម្តេចតេជោ ហ៊ុន សែន ទិញមន្ទីរពេទ្យនគរទេព

 

ភ្នំពេញ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនឡេងណាវ៉ាត្រា បានបង្ហាញថវិកាប្រមាណ ៤.៩លានដុល្លារអាមេរិក ដែលខ្លួនបានបរិច្ចាគជូន កាកបាទក្រហកម្ពុជា និងជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញមន្ទីរពេទ្យនគរទេព។

ជាមួយនឹងការបង្ហាញថវិកា អ្នកឧកញ៉ា ដែលកំពុងគ្រងតំណែងកំពូលលើការបរិច្ចាគថវិកាសប្បុរសធម៌ បានសរសេរសូមអភ័យទោសផងដែរ ចំពោះការបង្ហាញគំនរសាច់ប្រាក់ទាំងនេះ។ អ្នកឧកញ៉ាវ័យក្មេងរូបនេះ បានគូសបញ្ជាក់ថា ការបង្ហាញសាច់ប្រាក់នេះ ព្រោះអ្នកឧកញ៉ាចង់មានអនុស្សាវរីយ៍ចងចាំជាសារធាណៈនៃជីវិតរបស់អ្នកឧកញ៉ាជាមួយភរិយា ហើយអ្នកឧកញ៉ា និងគ្រួសារ ក៏មានក្ដីរំភើបនឹងការបរិច្ចាគនេះផងដែរ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានសរសេររៀបរាប់កោតសរសើរដល់សណ្តានចិត្តរបស់ភរិយារបស់ខ្លួនផងដែរ។ អ្នកឧកញ៉ាបានបញ្ជាក់ដូច្នេះ «ភរិយាខ្ញុំមិនដែលទុកលុយនឹងទ្រព្យសម្បត្តិជាធំនោះទេ សំខាន់ស្រលាញ់ប្ដី។ ចំណែកគាត់វិញ របៀបចាយលុយគាត់នៅរក្សាដូចកាលមុនដដែលជិះកង់បីទៅផ្សារ ជិះតុកៗជាដើម។ ពេលខ្លះខ្ញុំរអ៊ូទើបជិះឡាន ខោអាវថ្លៃមិនហ៊ានទិញទេ ទាល់តែខ្ញុំទិញឱ្យគាត់ថា មិនចង់ទម្លាប់ខ្លួនទេ បើពេលយើងអត់ ក៏យើងរស់បាន ហើយពូកែលើកទឹកចិត្តប្ដីទោះកាល:ទេស:ណាក៏ដោយ»។

គួរបញ្ជាក់ថា ទឹកប្រាក់ ៤.៩លានដុល្លារ ដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញនេះ គឺ ១.៤លានដុល្លារ សម្រាប់បរិច្ចាគជូនកាកបាទក្រហមកម្ពុជា និង ៣.៥លានដុល្លារ ចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន សម្រាប់ទិញមន្ទីរពេទ្យនគរទេព។

ក្នុងមួយរយៈចុងក្រោយនេះ អ្នកឧកញ៉ា ដែលមានអតីតភាពជាកូនកសិករក្នុងខេត្តព្រៃវែង និងជាពលករប្រទេសកូរ៉េរូបនេះ បានបរិច្ចាគថវិកាក្នុងសកម្មភាពមនុស្សធម៌សរុបជាង ១០លានដុល្លារហើយ។

កាយវិការពោរពេញដោយទឹកចិត្តសប្បុរសរបស់អ្នកឧកញ៉ា នាំឱ្យមានការកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំងចំពោះអ្នកឧកញ៉ា៕

Share this post

Post Comment