ផ្ទះសំណាក់យីហោ ស្វាយតានី ៦១១ ត្រូវបានអាជ្ញាធរសម្រេចដកអាជ្ញាប័ណ្ណហើយ ក្រោយរកឃើញ ថាបានផ្តល់ទីតាំងឲ្យក្មេងៗជក់ថ្នាំញៀន

ផ្ទះសំណាក់យីហោ ស្វាយតានី ៦១១ ត្រូវបានអាជ្ញាធរសម្រេចដកអាជ្ញាប័ណ្ណហើយ ក្រោយរកឃើញ ថាបានផ្តល់ទីតាំងឲ្យក្មេងៗជក់ថ្នាំញៀន

 

កណ្តាល៖ ផ្ទះសំណាក់យីហោ ស្វាយតានី ៦១១ ត្រូវបានអាជ្ញាធរស្រុកស្អាងសម្រេចដកអាជ្ញាប័ណ្ណ ចោលហើយ នៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុងស្អាង ខេត្តកណ្តាល ក្រោយរកឃើញថា បានផ្តល់ទីតាំងឲ្យក្រុមក្មេងៗជក់គ្រឿងញៀន និងជាទីតាំងដែលសមត្ថកិច្ចធ្លាប់ចុះបង្ក្រាបជាច្រើនលើកច្រើនសារមកហើយ តែហាក់បីមិនរៀងចាល។

បើយោងតាមប្រសាសន៍របស់លោកឧត្តមសនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ថ្លែងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នេះ ថា «ផ្ទះសំណាក់នេះ ខ្ញុំឯកភាពគ្នាជាមួយលោកអភិបាលស្រុកស្អាងហើយ គឺ ដកអាជ្ញាប័ណ្ណអាជីវកម្ម លែងឲ្យដំណើរការបន្តទៅទៀត» ។

កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកស្អាង សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលកំពុងធ្វើដំណើរតាមផ្លូវ យកគ្រឿងញឿនទៅប្រើប្រាស់ក្នុងផ្ទះសំណាក់ ស្វាយតានី ៦១១។ ពេលនោះ សមត្ថកិច្ច ឈានដល់ចូលផ្ទះសំណាក់យីហោ ស្វាយតានី ៦១១ ឃើញក្រុមក្មេងៗ៧នាក់ ទៀត កំពុងរង់ចាំមិត្តភក្តិ២នាក់នេះ យកគ្រឿងញៀនមកឲ្យប្រើប្រាស់។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ២នាក់៖
ទី១-ឈ្មោះ ឆេង សុខឡាយ អាយុ១៦ឆ្នាំ និងទី២-ឈ្មោះ ទូច អ៊ីតាន់ អាយុ១៨ឆ្នាំ។រួមជាមួយវត្ថុតាងមាន៖គ្រឿងញៀន៤កញ្ចប់តូច ម៉ូតូចំនួន១គ្រឿងម៉ាក Beat ពណ៌ សលាយខៀវ ស្លាកលេខ កណ្តាល 1AG-6468 ទូរស័ព្ទចំនួន១គ្រឿង ។

ដោយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះ ឆេង សុខឡាយ និងឈ្មោះ ទូច អ៊ីតាន់ សារភាពថា គ្រឿងញៀន នេះ ខ្លួនបានទិញពីឈ្មោះ សារឹម ពៅ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ចំនួន៤កញ្ចប់តូចតម្លៃ៣ម៉ឺនរៀល ដើម្បីយកទៅប្រើប្រាស់។

គួរជម្រាបថាក្រុមក្មេងៗទាំង៧នាក់ ដែលឃាត់ខ្លួនក្នុងផ្ទះសំណាក់ ស្វាយតានី ៦១១ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីធ្វើតេស្តមិនឃើញមានសារធាតុញៀន៕

Share this post

Post Comment