សមាគមយុវជនក្រុម៨ឧបត្ថម្ភថវិកាជាង១៨៨លានរៀល និងសម្ភារមួយចំនួន ដល់សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ដើម្បីប្រើប្រាស់ប្រយុទ្ធនឹងជំងឺកូវីដ-១៩

សមាគមយុវជនក្រុម៨ឧបត្ថម្ភថវិកាជាង១៨៨លានរៀល និងសម្ភារមួយចំនួន ដល់សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ដើម្បីប្រើប្រាស់ប្រយុទ្ធនឹងជំងឺកូវីដ-១៩

 

ភ្នំពេញ៖ សមាគមយុវជនក្រុម៨ បានឧបត្ថម្ភ ១៨៨,៨៨៨,០០០រៀល ព្រមទាំងសាប៊ូលាងដៃចំនួន ១០,០៨៨ដប និងម៉ាសការពារចំនួន ១៨,៨០០ម៉ាស ជូនដល់ សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ដើម្បីរួមចំណែកក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ក្រោមការដឹកនាំរបស់ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និង លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

 

ពិធីប្រគល់-ទទួលនេះ បានប្រព្រឹត្ដទៅនៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ។

 

បច្ចុប្បន្ន សមាគមយុវជនក្រុម៨ ក្រោមការដឹកនាំឯកឧត្ដម ម៉ឹង មករា បានរួមចំណែកក្នុងការជួយដល់កិច្ចការមនុស្សធម៌ជាច្រើនមានដូចជា វិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធជូនប្រជាពលរដ្ឋនៅជនបទរួមមាន ការកសាងផ្លូវថ្នល់ សាលារៀន វត្តអារាម ទំនប់ទឹក ប្រលាយទឹក ស្រះទឹក ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។

 

សមាគមយុវជនក្រុម៨ ក៏តែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់គ្រួសារក្រីក្រ ជនពិការ ចាស់ជរា និងសាងសង់ទីជម្រកជូនប្រជាពលរដ្ឋទីទ័លក្រផងដែរ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមជនបទ៕

Share this post

Post Comment