លោកជំទាវ កុយ សុដានី៖ ដើម្បីឲ្យប្រព័ន្ធភស្តុភារកម្មកម្ពុជាកាន់តែរីកចម្រើន កម្ពុជាត្រូវសិក្សាផែនការមេថ្នាក់ជាតិភស្តុភារកម្មឱ្យបានច្បាស់លាស់ ឈរលើស្មារតីសាមគ្គីភាព

លោកជំទាវ កុយ សុដានី៖ ដើម្បីឲ្យប្រព័ន្ធភស្តុភារកម្មកម្ពុជាកាន់តែរីកចម្រើន កម្ពុជាត្រូវសិក្សាផែនការមេថ្នាក់ជាតិភស្តុភារកម្មឱ្យបានច្បាស់លាស់ ឈរលើស្មារតីសាមគ្គីភាព

 

ភ្នំពេញ៖ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកស្រី KAMEI Haruko តំណាងទីភ្នាក់ងារJICAប្រចាំកម្ពុជា នៅថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំស្តីពីកិច្ចដំណើរការនៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មនៃកម្ពុជា សម្រាប់ជំហានទី២ ដោយមានការចូលរួមផ្ទាល់ពីថ្នាក់ដឹកនាំក្រសួង និងការចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយពីតំណាងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីប្រមូលធាតុចូល មតិយោបល់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលជាសមាជិកសមាជិកានៃគណៈកម្មាធិការសម្របសម្រួលរួម (Joint Coordinating Committee) សម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា ដើម្បីបង្កើតជាមូលដ្ឋានទិន្នន័យ និងព័ត៌មានក្នុងការអនុវត្តគម្រោងនេះឱ្យមានភាពរលូននិងប្រសិទ្ធភាពខ្ពស់។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោកជំទាវរដ្ឋលេខាធិការបានលើកឡើងអំពីសារសំខាន់នៃការបង្កើតផែនការមេថ្នាក់ជាតិភស្តុភារកម្ម យោងតាមតម្រូវការចាំបាច់នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងគោលនយោបាយអភិវឌ្ឍន៍ដើម្បីបញ្ចុះតម្លៃដឹកជញ្ជូន និងភស្តុភារកម្មប្រកបដោយភាពប្រកួតប្រជែងដែលអាចឱ្យកម្ពុជាមានឱកាសទាក់ទាញវិនិយោគិនបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ។

លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការបានបន្ថែមថា៖ ដើម្បីឱ្យប្រព័ន្ធភស្តុភារកម្មកម្ពុជាកាន់តែមានការរីកចម្រើន កម្ពុជាត្រូវសិក្សាផែនការមេថ្នាក់ជាតិភស្តុភារកម្មឱ្យបានច្បាស់លាស់ ដោយឈរលើស្មារតីសាមគ្គីភាព រួមគ្នាក្នុងការធ្វើឱ្យប្រសើរឡើងដល់ប្រព័ន្ធដឹកជញ្ចូនប្រកបដោយប្រសិទ្ធភាព គួរជាទីទុកចិត្ត និងស្របតាមការផ្លាស់ប្តូរ និងទំនើបកម្មរបស់ពិភពលោក។

លោកជំទាវបានស្នើឱ្យសមាជិកសមាជិកាគណៈកម្មាធិការសម្របសម្រួលរួម និងភាគីពាក់ព័ន្ធទាំងអស់ សហការឱ្យបានជិតស្និទ្ធ ដើម្បីចូលរួមធ្វើយ៉ាងណាឱ្យគោលនយោបាយភស្តុភាកម្មដំណើរការទៅដោយរលូន និងអាចធ្វើការផ្លាស់ប្ដូរព័ត៌មានទិន្នន័យដោយលក្ខណៈរលូននៅក្នុងការអនុវត្តគម្រោងនេះ។

គួរកត់សម្គាល់ថា៖ ដើម្បីឱ្យប្រព័ន្ធភស្តុភារកម្មកម្ពុជាមានការរីកចម្រើនបាន រាជរដ្ឋាភិបាលបានសម្រេចបង្កើតក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ឡូជីស្ទីក) មានភារកិច្ចតាក់តែងគោលនយោបាយ និងស្វែងរកដំណោះស្រាយបញ្ហាក្នុងប្រព័ន្ធឡូជីស្ទីកកម្ពុជា ដែលរំពឹងថានឹងជួយពង្រឹងប្រសិទ្ធភាពចរាចរណ៍ទំនិញ និងភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិបាន៕

Share this post

Post Comment