សម្តេចព្រះ​ធម្មលិខិត លាស់ ឡាយ ទទួល​ព្រះ​អនិច្ចធម្ម ក្នុង​ព្រះជន្ម​១០៦​ព្រះវស្សា

សម្តេចព្រះ​ធម្មលិខិត លាស់ ឡាយ ទទួល​ព្រះ​អនិច្ចធម្ម ក្នុង​ព្រះជន្ម​១០៦​ព្រះវស្សា

ភ្នំពេញ​៖ សម្តេចព្រះ​ធម្មលិខិត លាស់ ឡាយ ព្រះចៅអធិការ​វត្ត​សន្សំ​កុសល បាន​ទទួល​ព្រះ​អនិច្ចធម្ម (​សុគត​) នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៩​នេះ ដោយ​ព្រះ​ជរាពាធ​ក្នុង​ព្រះជន្ម ១០៦​ព្រះវស្សា​។​

​សូមបញ្ជាក់​ថា សម្តេចព្រះ​ធម្មលិខិត​លាស់ ឡាយ ប្រសូត​នៅ​ថ្ងៃ​ពុធ ៧​កើត ខែ​ភទ្របទ ឆ្នាំ​ថោះ ក្នុង​ពុទ្ធសករាជ ២៤៥៧ ត្រូវ​នឹង​គ្រឹស្គសករាជ​១៩១៤ នៅ​ភូមិ​ធ្យូង ឃុំ​ធ្យូង ស្រុក​ពញាឮ ខេត្ត កណ្តាល​។ បិតា​មាន ល័​ក្ខ លាស់ ហៅ​អាចារ្យ​លាក់ និង​មាតា​នាម ស៊ូ អ៊ុច មាន​បងប្អូន​ចំនួន​១០​នាក់ ប្រុស​៧​នាក់ ស្រី​៣​នាក់ សម្តេច​ជា​បុត្រ​ទី​៥ នៅក្នុង​គ្រួសារ ។​

​លុះ​ដល់​អាយុ​១២​ឆ្នាំ មាតាបិតា​បានឱ្យ​កុមារ​លាស់ ឡាយ ទៅ​បួស​ជា​សាមណេរ​ក្នុង​សំណាក់​ព្រះគ្រូ​ឯល គាំ និង​មាតាបិតា​ក៏​បាន​ចាត់​ឱ្យ​ទៅ​រៀន​ព្រះ​បរិយត្តិ​ធម៌​ក្នុង​សំណាក់​លោក​គ្រូ​មហា​អ៉ឹម នៅ​វត្ត​ព្រះពុទ្ធ​មានបុណ្យ ក្រុងភ្នំពេញ ។ ក្រោយមក​សាមណេរ​អង្គ​នេះ​បាន​ទៅ​គង់នៅ​វត្ត​ឧណ្ណា​លោម ដើម្បី​រៀន​បរិយត្តិ​ធម៌​បន្តទៀត​រហូត​ដល់​អាយុ​១៩​ឆ្នាំ ទើប​លាចាក​សិក្ខាបទ​ទៅ​បម្រើមាតាបិតា​វិញ ។​

​យោង​តាម​សៀវភៅ «​មហា​បុរស​ពុទ្ធសាសនា​នៅ​ប្រទេស​ខ្មែរ​» ឱ្យដឹងថា លុះ​ដល់​អាយុ ២១​ឆ្នាំ មាតាបិតា​បាន​នាំ​ទៅ​បំពេញ​ឧបសម្បទា​ជា​ភិក្ខុភាព​ក្នុង​សំណាក់​ព្រះ​ឧបជ្ឈា​យ៍ ព្រះនាម​អ៊ុក នៅ​វត្ត​សំរោង ឃុំ​វាល​ពន់ ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ (​ខាងលិច​ផ្សារ​ឧដុង្គ​) ដែលជា​ស្រុកកំណើត​របស់​ញោមស្រី ។ នៅក្នុង​ឆ្នាំ​នោះ ភិក្ខុ​លាស់ ឡាយ បាន​និមន្ត​ទៅ​គង់នៅ​វត្ត​មហាមន្ត្រី ដើម្បី​រៀន​បរិយត្តិ​ធម៌​បន្តទៀត ។​

​ក្នុង​ឆ្នាំ​១៩៤៨ ភិក្ខុ លាស់ ឡាយ បាន​ទៅ​ជួយ​បង្រៀន​បរិយត្តិ​ធម៌​នៅ​វត្ត​កំពង់​ឃ្លាំង ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​មួយ​ឆ្នាំ ក្រោយមក​សម្តេច​ហួត តាត ជា​អគ្គាធិការ​បាន​ចេញប្រកាស​និយប​ត្រតាំង​ជា​អាចារ្យ​បង្រៀន​ផ្លូវការ​នៅ​ពុទ្ធិក​បឋមសិក្សា នៅ​វត្ត​មហាមន្ត្រី ។ ឆ្នាំ​១៩៦៥ បាន​ទៅ​សិក្សា​ផ្នែក​គរុកោសល្យ​នៅ​ពុទ្ធិកវិទ្យាល័យ​ព្រះ​សុរា​ម្រឹត ក្រុងភ្នំពេញ ១​ខែ ហើយ​សម្តេច​ព្រះសង្ឃ​រាជ្យ​ជួន ណាត បាន​តែងតាំង​ជា​ព្រះគ្រូ​ឃោសា​ភិ​រ័ត្ន ជា​ឋានានុក្រម​សង្ឃ​ថែមទៀត ។ ឆ្នាំ​១៩៧០ គណៈសង្ឃ​វត្ត​មហាមន្ត្រី បាន​ជ្រើសតាំង​ជា​ប្រធាន​គណៈសង្ឃ​សម្រាប់​វត្ត ។​

​ឆ្នាំ​១៩៧៥ ពួក​ទមិឡ​ឥត​សាសនា​បាន​និរទេស​ភិក្ខុ​លាស់ ឡាយ យក​ទៅ​ផ្សឹក​នៅ​វត្ត​មណ្ឌប ស្រុក​ស្រី​សន្ទរ ខេត្ត​កំពង់ចាម ។ ឆ្នាំ​១៩៧៨ ពួក​ទមិឡ​ឥត​សាសនា​បាន​យក​បណ្ឌិត​លាស់ ឡាយ ទៅ​សម្លាប់​រហូត​ដល់​ពីរដង ប៉ុន្តែ​មិន​បាន​សម្រេច​ដូច​បំណង​ឡើយ ។ នៅ​ឆ្នាំ​១៩៧៩ បណ្ឌិត​លាស់ ឡាយ បាន​មក​ចូល​ក្រុង​ភ្នំពេញ​វិញ និង​គង់នៅ​វត្ត​សន្សំ​កុសល រួច​បាន​ទៅ​បំពេញ​ភិក្ខុ​ភារៈ​ឡើងវិញ​នៅ​វត្ត​ឧណ្ណា​លោម ដោយ​មាន​ព្រះ​វិន័យធរ​ទេព វង្ស (​កាល​នោះ​មិន​ទាន់​ឡើង​ព្រះ​ឋានៈ​ជា​សម្តេចព្រះសង្ឃរាជ​) ជា​ព្រះ​ឧបជ្ឈា​យ៍ ។​

* សមណ​សក្តិ និង​ការ​តែង​និពន្ធ​

​ស្នា​ព្រះហស្ត គឺ​សម្តេច​លាស់ ឡាយ បាន​រៀបរៀង​សៀវភៅធម៌​ចំនួន​១៣​មុខ ព្រមទាំង​បាន​កសាង​សមិទ្ធ​នានា ក្នុង​វត្ត​សន្សំ​កុសល​ជាច្រើន​ទៀត ។ នៅ​ក្នុង​ទសវត្ស​១៩៦០ សម្តេចព្រះ​ធម្មលិខិត បាន​ទទួល​ប្រកាសនីយបត្រ តែងតាំង​ជា​អាចារ្យ​បង្រៀន​ពី​សម្តេច​ហួត តាត ដែល​ជា​អគ្គាធិការ​ពុទ្ធិក​សិក្សា​សញ្ញាបត្រ​វិក្រឹតការ​គរុកោសល្យ និង​ប​សំស​នី​យ​ប​ត្រ ចេញ​ដោយ​ក្រសួង​ធម្មការ និង​ងារ​ជា​ព្រះឃោ​សាភិ​រ័ត្ន តែងតាំង​ដោយ​សម្តេច​ព្រះសង្ឃរាជ​ជួ​ន ណាត ។​

​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​១៩៨៥ បាន​ទទួល​លិខិត​សរសើរ​ពី​គណៈកម្មាធិការ​ប្រជាជន​បដិវត្តន៍​រដ្ឋធានី​ភ្នំពេញ និង​បាន​ទទួល​លិខិត​សរសើរ​ពី​មន្ទីរពេទ្យ​ក្រុង​ភ្នំពេញ ។​

​បាន​តែងតាំង​ជា​ព្រះ​ធម្មលិខិត ជា​អធិបតី​ក្រុម​ជុំនំ​ព្រះ​ត្រៃបិដក ពី​ក្រុមប្រឹក្សា​រណសិរ្ស​កសាង​ការពារ​មាតុភូមិ​កម្ពុជា ។​

​ឆ្នាំ​១៩៩២ សហប្រធាន Worl Buddhist Supreme Tathagata Followers Headq uaters បាន​ប្រគេន​ឋានន្តរស័ក្តិ ងារ​ជា​មហា​លោកិយ​លំដាប់​លេខ​១ នៅ​ក្រុង​កូឡុំបូ ប្រទេស​ស្រីលង្កា ។​

​ឆ្នាំ​១៩៩៥ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ទ្រង់​ឡាយ​ព្រះហស្តលេខា​លើ​ព្រះរាជក្រឹត្យ​តែងតាំង​ជា​សម្តេចព្រះ​ធម្ម​លិខិត ។​

​ឆ្នាំ​២០០១ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ទ្រង់​ប្រទាន​គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​មហាសេនា ។​

​ថ្ងៃទី​២៤ សីហា ឆ្នាំ​២០០២ លោកជំទាវ​ប៊ុន រ៉ានី ហ៊ុន សែន ថ្វាយ​លិខិត​ថ្លែងអំណរគុណ​ដល់​សម្តេច ដែល​សម្តេច​បាន​ឧបត្ថម្ភ​ប្រាក់​ដល់​កាកបាទក្រហមកម្ពុជា ។​

​ថ្ងៃទី​៥ ធ្នូ ២០០២ សម្តេចព្រះ​មហាសុមេធាធិបតី​ទេព វង្ស ទ្រង់​បាន​តែងតាំង​សម្តេចព្រះ​ធម្មលិខិត​លាស់ ឡាយ ជា​អនុគណ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​ថ្ងៃទី​៤ ឧសភា ឆ្នាំ​២០១៦ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទាន​ងារ​ជា​ព្រះសង្ឃ​នាយករង​ទី​១ នៃ ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បាន​តែងតាំង​សម្តេច​ជា​អគ្គាធិការរង ពុទ្ធិក​សិក្សា​ជាតិ ហើយ​នៅ​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០០៦ ត្រូវបាន​តែងតាំង​សម្តេច​ជា​ប្រធាន​ថេរ​សភា​សង្ឃ​នៃ​ពុទ្ធ​សាសនា​។ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​សព្វព្រះរាជហឫទ័យ​ប្រោស​ប្រទាន​ព្រះ​ឋានៈ​ជា​សម្តេច​ព្រះ​សង្ឃនាយករ​ង​ទី​១ និង​មាន​សិទ្ធិ​ប្រើ​រាជ​ស័ព្ទ ព្រមទាំង​មាន​សិទ្ធិ​ប្រើ​ផ្លិត​ពិសេស​។​

​ចំណេះដឹង និង​ភាសា​ដែល​អាច​ប្រាស្រ័យ​ទាក់ទង​បាន​៖ ចំណេះដឹង​ដែល​សម្តេច​ព្រះ​ធម្មលិខិត​លាស់ ឡាយ មាន គឺ​ភាសា​បារាំង អាច​អាន​បាន​ភាសា​ថៃ អាច​សន្ទនា​បែប​ភាសាបាលី និង​សម្រាយ​បាន​។ សម្តេច​ចេះ​វិន័យ​បាតិមោក្ខ​រត់មាត់ និង​ចេះ​គម្ពីរ​វុត្តោទ័យ ព្រមទាំង​ដីកា​យ៉ាង​ស្ទាត់ជំនាញ​ពី​សំណាក់​ព្រះ​ធម្មលិខិត​ម៉ឹង សែ​ស ប្រធាន​ថេរ​សភា​សង្ឃ (​ពី​សង្គម​ចាស់​) ជា​គ្រូ​។​

* ស្នា​ព្រះ​ហ​ស្ថ​៖

​សម្ដេចព្រះ​ធម្មលិខិត លាស់ ឡាយ បាន​រៀបរៀង​សៀវភៅធម៌ ចំនួន​១៣​មុខ មាន​៖

១- អន្តរធាន​កថា​
២- អច្ឆរិយ​កថា​
៣- សច្ច​ប្បរិ​យាល​
៤- ទុល្លភ​កថា ឬ​ច្បាប់​ល្អ​ក្រ​រកបាន​
៥- សង្គ្រាម​អមនុស្ស​ថ្មី​ចាស់​
៦- សង្ខារ​ប្បរិ​យាល​
៧- ប្រវត្តិ​ព្រះពុទ្ធសាសនា ក្រោយ​បរិនិពាន្វ​
៨- កាយ​កថា​សតិ​កម្មដ្ឋាន​
៩- សីមា​វណ្ណនា​
១០- រំឭក​គុណ​ព្រះ​
១២- ប្រវត្តិ​ព្រះ​ក​ច្ចា​យនត្ថេរ​
១៣- ប្រែ​មាឃ និង​វិសាខបូជា​
១៤- រឿង​ទ​ហរ​ភិក្ខុ​, រឿង​ដដិល​ខុស​មាត់​, រឿង​ជោតិ​កត្តេ​រ​ភិ​ក្ខុ​, រឿង​សម្ព​ហុល​ភិ​ក្ខុ ។​
​មិន​ត្រឹមតែ​ប៉ុណ្ណោះ ព្រះអង្គ​បាន​កសាង​សមិទ្ធផល​ជាច្រើន ដូចជា​កុដិ​មួយ​ខ្នង​នៅ​វត្ត​មហាមន្ត្រី ។​
– ឆ្នាំ​១៩៨៥ បាន​កសាង​ការិយាល័យ​លា​សា​បឋមសិក្សា​វត្ត​សន្សំ​កុសល​មួយ​ខ្នង និង​រួម​កសាង​អគារសិក្សា​មួយ​ខ្នង​មាន​ពីរ​ជាន់ ។​
– ឆ្នាំ​១៩៨៧ បាន​កសាង​ព្រះវិហារ​វត្ត​ស្បែង​
– ឆ្នាំ​១៩៩០ បាន​កសាង​សាលា​បាលី​ជាន់​ក្រោម ។​
– ឆ្នាំ​១៩៩៣ បាន​កសាង​បណ្ណ​កុដិ ។​
– ឆ្នាំ​១៩៩៩ បាន​កសាង​មហា​កុដិ​ពីរ​ជាន់​មួយ​ខ្នង ដែល​សម្ដេច​គង់ប្រថាប់​សព្វថ្ងៃ ។​
– ឆ្នាំ​២០០០-២០០១ បាន​កសាង​កុដិ ទី​ប៉ាឆា​មូយ​ខ្នង មាន​ពីរ​ជាន់ ។​
– ឆ្នាំ​២០០៤ បង្កើត​ពុទ្ធិក​វិទ្យាល័យ​សម្ដេច​ព្រះ​ធម្ម​លិខិត លាស់ ឡាយ សន្សំ​កុសល និង​ទីចាត់ការ​នៃ​ពុទ្ធិកវិទ្យាល័យ​មួយ​ខ្នង ។​
– នៅ​ចុងឆ្នាំ​២០០៤ កសាង​កុដិ​មួយ​ខ្នង​បន្ថែមទៀត​ក្រោម​ឧបដ្ឋានសាលា ។​
– ឆ្នាំ​២០០៦ ចាក់ដី​បំពេញ​អូរ​ខាងក្រោយ​ចំនួន​៤០០​ឡាន ។​
– ឆ្នាំ​២០០៧ កសាង​កុដិ​មួយ​ខ្នង​មាន​ពីរ​ជាន់​ជាប់​របង​ខាងលិច និង​ធ្វើ​របង​ប៉ែក​ខាងមុខ​ព្រះវិហារ ប្រវែង​៣៥​ម៉ែត្រ​ផង​ដែរ​៕

Share this post

Post Comment