អភិបាលខេត្តកណ្ដាលបញ្ជាឲ្យអាជ្ញាធរស្រុកកណ្តាលស្ទឹងត្រូវចុះពិនិត្យមើលប្រព័ន្ធលូ ប្រឡាយ ដើម្បីស្ដារបញ្ចៀសចរន្តទឹកជៀសវាងហូរបុកចូលការដ្ឋានសាងសង់ព្រលានយន្តហោះ

អភិបាលខេត្តកណ្ដាលបញ្ជាឲ្យអាជ្ញាធរស្រុកកណ្តាលស្ទឹងត្រូវចុះពិនិត្យមើលប្រព័ន្ធលូ ប្រឡាយ ដើម្បីស្ដារបញ្ចៀសចរន្តទឹកជៀសវាងហូរបុកចូលការដ្ឋានសាងសង់ព្រលានយន្តហោះ

 

កណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីជំនាញ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកកណ្ដាលស្ទឹង អញ្ជើញចុះពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងពិនិត្យដោះស្រាយបញ្ហាការពារការជន់លិច ការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ក្នុងឱកាសនោះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ផ្ទួនៗគ្នា បានធ្វើឱ្យទឹកជន់លិច និងហូរបុកចូលការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលធ្វើឲ្យប៉ះពាល់ដល់ល្បឿនក្នុងការសាងសង់ព្រលានយន្តហោះថ្មីនេះ។

ឯកឧត្តមបន្តថា ជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅឆ្នាំ២០២៣ មានយន្តហោះខ្នាតអន្តរជាតិនឹងហោះហើរនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្នុង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលនេះផងដែរ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាឲ្យអាជ្ញាធរស្រុកកណ្ដាលស្ទឹងត្រូវចុះពិនិត្យមើលប្រព័ន្ធលូ ប្រឡាយ ដើម្បីស្ដារបញ្ចៀសចរន្តទឹកជៀសវាងហូរបុកចូលការដ្ឋានសាងសង់ព្រលានយន្តហោះផងដែរ៕

Share this post

Post Comment