ក្រុមជ្រុលនិយមប្រើអំពើហឹង្សាដោយដំបង គប់ដុំថ្ម បាញ់ជំពាមកៅស៊ូ និងគប់ដបសាំងមកលើសមត្ថកិច្ចខេត្តកណ្ដាលបណ្ដាលឲ្យរងរបួស១៣នាក់

ក្រុមជ្រុលនិយមប្រើអំពើហឹង្សាដោយដំបង គប់ដុំថ្ម បាញ់ជំពាមកៅស៊ូ និងគប់ដបសាំងមកលើសមត្ថកិច្ចខេត្តកណ្ដាលបណ្ដាលឲ្យរងរបួស១៣នាក់

 

កណ្ដាល៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹងដល់សាធារណជនមេត្តាឲ្យបានដឹងថាកាលពីវេលាម៉ោង១០:៣០ មួយថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០២១ មានក្រុមមនុស្សគ្នាប្រមាណ១០០នាក់បានមកប្រមូលផ្ដុំគ្នាប្រើអំពើហិង្សា និងធ្វើការជេរប្រមាថដោយបានដុតកៅស៊ូកង់ និងសម្ភារៈផ្សេងៗ ប្រើដំបង គប់ដុំថ្ម បាញ់ជំពាមកៅស៊ូ គប់ដបសាំង មកលើកងកម្លាំងមានសមត្ថកិច្ចដែលកំពុងឈរជើងបំពេញការងាររក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីស្ថិតនៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលឲ្យកងកម្លាំងសមត្ថកិច្ចរងរបួសចំនួន១៣នាក់។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាលដែលបណ្ដាញសកម្មជនហ្វេសប៊ុកកម្ពុជាទើបទទួលបាននៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ។

ក្នុងសេចក្តីជូនដំណឹងរដ្ឋបាលខេត្តកណ្តាលបានឲ្យដឹងថាស្ថិតក្នុងស្ថានភាពប្រើអំពើហឹង្សានេះកងកម្លាំងបានបង្ខំចិត្តបំបែកក្រុមបាតុករដោយប្រើរថយន្តបាញ់ទឹក ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីការពារខ្លួននិងបំបែកក្រុមបាតុករព្រមទាំងបានឃាត់ខ្លួនសមាជិកក្រុមបាតុករចំនួន ៣០នាក់ ស្រី២០នាក់ ដើម្បីនាំយកមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។

ក្នុងសេចក្តីជូនដំណឹងនេះដែររដ្ឋបាលខេត្តកណ្ដាលពិតជាការសោកស្ដាយចំពោះទង្វើជ្រុលនិយមរបស់ក្រុមមនុស្សដែលបានប្រព្រឹត្តខុសច្បាប់ ដែលអំពើនេះ អាចនាំឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សន្តិសុខ និងការបំផ្លិចបំផ្លាញផលប្រយោជន៍ដ៏ធំរបស់ប្រទេសជាតិ។

ជាថ្មីម្ដងទៀតរដ្ឋបាលខេត្តកណ្ដាលក៏សូមអំពាវនាវដល់ក្រុមបាតុករទាំងអស់បញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងឡាយហើយងាកមកចូលរួមដោះស្រាយបញ្ហាដោយសន្តិវិធីនិងអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីចូលរួមការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនឡើង៕

Share this post

Post Comment