អាជ្ញាធរស្រុកអង្គស្នួលនិងប្រជាពលរដ្ឋទូទាំងស្រុកគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ហ៊ុន ម៉ានី ក្នុងឱកាសបើកសាលារៀនឲ្យដំណើរការចូលរៀនឡើងវិញ

អាជ្ញាធរស្រុកអង្គស្នួលនិងប្រជាពលរដ្ឋទូទាំងស្រុកគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ហ៊ុន ម៉ានី ក្នុងឱកាសបើកសាលារៀនឲ្យដំណើរការចូលរៀនឡើងវិញ

 

កណ្ដាល៖ លោក ខុន សេរីរដ្ឋា អភិបាលនៃគណៈអភិបាលស្រុកអង្គស្នួល ព្រមទាំងអាជ្ញាធរស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងស្រុកបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពូជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងអញ្ជើញចុះស្វែងយល់អំពីការអនុវត្តវិធានការចាំបាច់នានានៅតាមសាលារៀន ក្នុងឱកាសបើកដំណើរការឲ្យចូលរៀនវិញចំពោះសិស្សានុសិស្សកំរិតមធ្យមសិក្សា ថ្នាក់ទី៩ ដល់ថ្នាក់ទី១២ នៅស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្នុងឱកាសនោះដែរ ឯកឧត្តម បានអញ្ជើញថ្លែងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថា៖ ថ្ងៃនេះ ខ្ញុំបានចុះមកដល់វិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង ដើម្បីសួរសុខទុក្ខ លើកទឹកចិត្ត និងស្វែងយល់ពីស្ថានភាពនៃការបើកសាលាឲ្យសិស្សចូលរៀនដោយផ្ទាល់ឡើងវិញក្នុងក្របខណ្ឌខេត្តកណ្តាល។ បើទោះពេលនេះ យើងមិនទាន់អាចបើកសាលាឲ្យសិស្សចូលរៀនដោយផ្ទាល់ក្នុងទ្រង់ទ្រាយធម្មតា នេះជាជំហ៊ានដ៏វិជ្ជមានមួយ ឆ្ពោះទៅការបើកសាលាគ្រប់កម្រិតក្នុងទ្រង់ទ្រាយធំ តាមបែបប្រក្រតីថ្មីនាពេលខាងមុខនេះ។

ឯកឧត្តមប្រធានបានបន្តថា លទ្ធភាពរបស់កម្ពុជា ក្នុងការបើកសាលាឲ្យសិស្សចូលរៀនដោយផ្ទាល់នៅពេលនេះ ឆ្លុះបញ្ជាំងពីការអនុវត្តនូវគោលនយោបាយដ៍ត្រឹមត្រូវ និងជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងនូវការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការដាក់ចេញនូវវិធានការបានយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាព មានជាអាទិ៍ យុទ្ធនាការចាក់វ៉ាក់សាំងជូនមន្រ្តីជួរមុខ គ្រូបង្រៀន សិស្ស និងប្រជាពលរដ្ឋទូទៅនាពេលកន្លងមក។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ទៀតថា៖ការបើកសាលាឲ្យសិស្សបានចូលរៀនដោយផ្ទាល់នៅពេលនេះ ក៏ជាការឆ្លុះបញ្ជាំងឲ្យឃើញពីការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់ស្ថាប័នពាក់ពាក់ព័ន្ធ ដែលក្នុងនោះរួមមានក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក៏ដូចជាការចូលរួមគោរព និងអនុវត្តនូវវិធានការការពារយ៉ាងហ្មត់ចត់ពីសំណាក់អាណាព្យាបាលសិស្ស សិស្សផ្ទាល់ និងប្រជាពលរដ្ឋទូទៅ។

ជាមួយនឹងភាពជោគជ័យនេះ ឯកឧត្ដម ហ៊ុន ម៉ានី បានអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គណៈគ្រប់គ្រងសាលា មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សផ្ទាល់ បន្តចូលរួមគោរពនូវគោលការណ៏ ០៣ការពារ ០៣កុំ ឆ្ពោះទៅការបើកសាលាឲ្យសិស្សចូលរៀនដោយផ្ទាល់ឡើងវិញក្នុងទ្រង់ទ្រាយធំ និងដោយសុវត្ថិភាពនាពេលខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងលោកគ្រូ អ្នកគ្រូ ដែលបានរៀបចំបរិវេនសាលារៀន ទីធ្លាសាលារៀន ថ្នាក់រៀន តុ និងបរិស្ថានជុំវិញ ដោយរៀបចំឲ្យមានកម្លែងពិនិត្យកំដៅ កន្លែងលាងដៃ និងការរៀបចំឲ្យមានគំលាតក្នុងថ្នាក់រៀន ដើម្បីធានាសុវត្ថិភាពដល់មិនឲ្យមានការឆ្លងមេរោគកូវីដ១៩ តាមស្តង់ដារប្រតិបត្តិ SOP របស់ក្រសួងអប់រំ យុវជន និងកីឡា៕

Share this post

Post Comment