កណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នារសៀលថ្ងៃសុក្រទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ បានព្រមានដល់ក្រុមមន្ត្រីក្រោមឱវាទ និងមន្ត្រីពាក់ព័ន្ធទាំងអស់នៅខេត្តកណ្ដាល ត្រូវគិតគូរពីបញ្ហាអាជីវកម្មរ៉ែមួយចំនួនបាននិងកំពុងលួចលាក់ធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ដោយបញ្ហានេះនាំឲ្យកើតមានហានិភ័យផ្សេងៗដល់សង្គម ហើយព្រមានបិទអាជីវកម្មចោលតែម្ដង បើសិនអាជីវកម្មណានៅតែរឹងទទឹងមិនគោរពតាមគោលការណ៍ច្បាប់ពាក់ព័ន្ធ។ ការប្រមាននេះបន្ទាប់ពីឯកឧត្តមបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយអាជីវករធ្វើអាជីវកម្មដេប៉ូខ្សាច់ ជីករណ្ដៅដី ការដឹកជញ្ចូនខ្សាច់-ដី ថ្ម គ្រួស និងអ្នកលក់ដូរតាមចំណីផ្លូវ និងប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល នៅបរិវេណវត្តតាខ្មៅ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ។
នៅក្នុងកិច្ចប្រជុំនោះឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានសង្កត់ធ្ងន់ៗលើចំណុចក្រុមឡានដឹកជញ្ជូនសារធាតុរ៉ែ ពីបញ្ហាកំពប់ ហៀរហូរខ្សាច់ ដី ថ្ម គ្រួស ហុយពេញផ្លូវក្នុងទីក្រុងតាខ្មៅ និងតាមបណ្ដាស្រុកមួយចំនួន ដែលជាបញ្ហាចោទនេះ នាំឱ្យប្រជាពលរដ្ឋក្ដៅក្រហាយ បង្ករហានិភ័យ ភ័យព្រួយ គ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ហើយពិសេសបាត់បង់កេរ្តិ៍ឈ្មោះទីក្រុងស្អាតអាស៊ានដែលរដ្ឋបាលខេត្តកណ្ដាលបានខិតខំប្រឹងប្រែង ទម្រាំតែបានជោគជ័យជាលក្ខណៈអន្តរជាតិមកដល់សព្វថ្ងៃនេះ។
ឯកឧត្តមអភិបាលខេត្តបានផ្ដាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ សូមបើកភ្នែកមើល និងដោះស្រាយបន្ទាន់លើបញ្ហាខាងលើទាំងនេះ ហើយត្រូវធ្វើឱ្យមានប្រសិទ្ធភាព ត្រូវធ្វើយ៉ាងណាកុំធ្វើឱ្យខ្លួនជាប់ជំពាក់វាក់វិនដែលជាដើមចមនៃការបន្ទុចបង្អាក់មិនហ៊ានអនុវត្តន៍វិធានការណ៍នានា ដែលនាំឱ្យកើតជាបញ្ហាទៅថ្ងៃខាងមុខ។
ស្ថិតនៅក្នុងឱកាសនេះដែរ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារបញ្ហានេះ បានលើកឡើងជាសំណើរ និងត្អូញត្អែរចំពោះការដឹកដី-ខ្សាច់ ថ្ម គ្រួស ដែលបង្ករបញ្ហាផ្សេង ប៉ះពាល់ និងបង្ករហានិភ័យ នៅចំពោះមុខឯកឧត្ដមអភិបាលខេត្តកណ្ដាល ខណៈដែលលោកអភិបាលខេត្ត យល់ព្រមទទួលយកទៅដោះស្រាយជូន ដោយមិនទុកឱ្យពលរដ្ឋមានការលំបាកវេទនានោះទេ ។
ឯកឧត្តមបានបន្តថា ទីក្រុងតាខ្មៅយើងជាក្រុងទេសចរណ៍ ដែលកំពុងតែទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលនេះជាសញ្ញាណល្អសំរាប់ខេត្ត ហើយត្រូវតែលុបបំបាត់ឱ្យបាននូវបញ្ហាទាំងនេះ។ ប៉ុន្តែបើសិនមិនអាចធ្វើបានទេចំណុចនេះ អាជីវកម្មទាំងនោះ នឹងត្រូវបិទអាជីវកម្មភ្លាមៗតែម្ដង។
ទន្ទឹមនឹងនោះដែរប្រជាពលរដ្ឋបានបន្តលើកឡើងថា ពួកគាត់មិនហ៊ានបដិសេធចំពោះពាក្យថា ការអភិវឌ្ឍនោះទេ ហើយក៏សាទរចំពោះការអភិវឌ្ឍដោយមិនអាចខ្វះខ្សាច់ ថ្ម គ្រួស ដី បាន ប៉ុន្តែអ្វីដែលសំខាន់ គឺសូមឲ្យម្ចាស់អាជីវកម្មគោរពតាមច្បាប់ និងសូមអ្នកអនុវត្តន៍ច្បាប់ មេត្តាធ្វើការឱ្យហ្មត់ចត់ច្បាស់ៗផង និងជៀសវាងនាំឱ្យការងារគ្មានប្រសិទ្ធភាព។ ពលរដ្ឋបាននិយាយបញ្ជាក់យ៉ាងដូច្នេះទៀតថា«ពិតណាស់សង្គមយើង គឺជាសង្គមកំពុងអភិវឌ្ឍន៍ ហើយការអនុវត្តន៍ច្បាប់ក៏ត្រូវឱ្យមានប្រសិទ្ធភាពផងដែរ ខណៈការរឹតបន្តឹងចរាចរណ៍បាន និងកំពុងធ្វើឡើង ប៉ុន្តែបែរជាឃើញខាងឡានដឹកធំៗ បែជាពុំសូវប្រើកណ្ដាប់ដៃដែក ដូចប្រើមកលើប្រជាពលរដ្ឋសោះ ដែលនាំឲ្យពួកគាត់សែនឆ្ងល់ និងរំពឹងទុកថា ក្រុមអស់លោកអាជ្ញាធរពាក់ព័ន្ធ មិនមែនជាមន្ត្រីជើង១០តទៅទៀត»។
នៅក្នុងកិច្ចប្រជុំដ៏មានចំណាប់ពីពលរដ្ឋអ្នកចូលរួមនេះ ឯកឧត្តមអភិបាលខេត្តកណ្ដាលបានបញ្ជារឲ្យ លោក នៃ ចារី អភិបាលរងខេត្តនិងប្រធានគណៈកម្មការដោះស្រាយវិវាទនិងលោកប្រធានមន្ទីររ៉ែនិងថាមពល ត្រូវបិទម្ចាស់ដេប៉ូអាជីវកម្មអត់ច្បាប់របស់ឈ្មោះ ឈុន ម៉ៅ ជាបន្ទាន់ ព្រោះម្ចាស់ដេប៉ូនេះ បានដំណើរការអាជីវកម្មរបស់ខ្លួនទាំងគ្មានច្បាប់ជិត១ឆ្នាំមកហើយ។
ឯកឧត្តមអភិបាលបានជម្រុញឲ្យ រដ្ឋបាលក្រុងនិងសង្កាត់ត្រូវយកចិត្តទុកដាក់លើបញ្ហា ចរាចរណ៍ ខ្សាច់កំពប់រាយប៉ាយ ឡានចតមិន ដេប៉ូខ្សាច់ធ្វើឱ្យបាក់ច្រាំងទន្លេ ដោយត្រូវមានរបាយការណ៍ត្រឹមត្រូវបញ្ជូនមកខេត្តនិងមានសេចក្ដីក្លាហានធ្វើយ៉ាងមុតមាំប្រកបដោយផ្លែផ្កាល្អ។
ឯកឧត្តមបានហាមចៅសង្កាត់ដាច់ខាតកុំចុះហត្ថលេខាចំពោះដេប៉ូខ្សាច់ណាដែលមានទីតាំងតូចចង្អៀត ប្រហែល១០ម៉ែត្រគុណនឹង១៥ម៉ែត្រ ហើយមកស្នើសុំបើកដេប៉ូខ្សាច់។
ឯកឧត្តមបានបញ្ជាក់ថា ក្រោយពីស្មារតីនៃកិច្ចប្រជុំនេះ ផ្លូវលេខ២១នេះ បងប្អូនប្រជាពលរដ្ឋជិះឡាន ម៉ូតូ កង់ ឬថ្មើរជើង យើងបានធូរទ្រូង ធូរភ្នែក ដោយមើលទៅសម។ ឯកឧត្តមបន្តថា យើងដឹងហើយថាផ្លូវនេះជាផ្លូវសេដ្ឋកិច្ច យើងមិនអាចបើកវារ បើកជែង ឬបើកលឿនបានទេ តែត្រូវបើកបរឲ្យមានរបៀបរបបនិងគោរពច្បាប់ចរាចរណ៍។
គួរជម្រាបថា តាមផ្លូវ២១ក្នុងក្រុងតាខ្មៅ មានដេប៉ូខ្សាច់១៦ដេប៉ូ តែម្ចាស់អាជីវកម្មទាំងនោះបានបញ្ជូនតែតំណាងមកចូលរួមកិច្ចប្រជុំសាធារណៈដ៏មានសារៈសំខាន់នេះ បានតែ៥នាក់ អវត្តមាន១១នាក់៕
ដោយ៖ សកម្មជនហ្វេសប៊ុកកម្ពុជា