​សម្ដេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម ចក់ ឡេង ទីប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​គេហដ្ឋាន​សព​

​សម្ដេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម ចក់ ឡេង ទីប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​គេហដ្ឋាន​សព​

​ភ្នំពេញ​ ៖ ​នៅ​ព្រឹក​ថ្ងៃអាទិត្យ ៨​កើត ខែ​អាសាឍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ស៊ីវិល និង​នគរបាល​ជាតិ នៃ​ក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម ចក់ ឡេង ទីប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​គេហដ្ឋាន​សព ស្ថិតនៅ​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​ឯកឧត្ដម ចក់ ឡេង បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​សុក្រ ៦​កើត ខែ​អាសាឍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង ២​និង​៤​នាទី​ទៀបភ្លឺ ក្នុង​ជន្មាយុ ៧២​ឆ្នាំ ដោយ​រោគាពាធ ។

​ក្នុងឱកាស​ប្រកបដោយ​សេចក្ដី​ក្ដុកក្ដួល​អាឡោះអាល័យ នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ដាក់​កម្រងផ្កា អុជ​ធូប និង​ស្មិងស្មាធិ៍ ដើម្បី​សម្ដែង​ការគោរព​ចំពោះ​ដួង​វិញ្ញាណក្ខន្ធ​សព​ឯកឧត្ដម ចក់ ឡេង និង​បាន​អញ្ជើញ​ចុះ​ហត្ថលេខា​លើ​សារ​រំលែក​មរណទុក្ខ​ជូន​លោកជំទាវ ខៀវ ហុង ព្រមទាំង​ក្រុមគ្រួសារ ។​

​ក្នុង​សារ​រំលែក​មរណទុក្ខ​នោះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្នុងនាម​ភរិយា ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល និង​នគរបាល​ជាតិ នៃ​ក្រសួង​មហាផ្ទៃ មាន​សេចក្ដី​សង្វេក​សោកស្ដាយ​ជា​អនេក ប្រកប​ដោយ​ស​មានទុក្ខ​ដ៏​ក្រៀមក្រំ និង​រន្ធត់​ក្ដុកក្ដួល​ឥតឧប្បមា ចំពោះ​មរណភាព​ឯកឧត្តម ចក់ ឡេង អតីត​រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី និង​ជា​អតីត​នាយ​នគរបាល​ថ្នាក់​ឧត្តមសេនីយ៍ នៃ​ក្រសួង​មហាផ្ទៃ ដែល​ត្រូវជា​ស្វាមី​របស់​លោកជំទាវ ខៀវ ហុង ។​

​សម្ដេច​ឧបនាយករដ្ឋមន្ត្រី​បាន​បន្តថា មរណភាព​របស់​ឯកឧត្តម ចក់ ឡេង មិន​ត្រឹមតែ​ជា​ការបាត់បង​ស្វាមី ឪពុក និង​ជីតា ជាទី​គោរព​ស្រលាញ់​ដ៏​ជ្រាលជ្រៅ​របស់​ក្រុម​គ្រួសារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការបាត់បង់​នូវ​មន្ត្រី​ជាន់ខ្ពស់​មួយរូប ដែល​ធ្លាប់បាន​ចូលរួមចំណែក​យ៉ាង​សកម្ម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​បុព្វហេតុ​បម្រើ​ជាតិ​មាតុភូមិ ព្រមទាំង​បាន​លះបង់​កម្លាំងកាយ ប្រាជ្ញា​ស្មារតី​មិន​ខ្លាច​នឿយហត់ ចូលរួម​ក្នុង​សកម្មភាព​សង្គម និង​ការងារ​មនុស្សធម៌​ជាច្រើន ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ។​

​តាង​នាម​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល និង​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ និង​ក្នុងនាម​សម្ដេច​ផ្ទាល់ និង​ភរិយា សម្ដេច​បាន​សម្ដែង​នូវ​ការចូលរួម​រំលែក​នូវ​ទុក្ខព្រួយ​ដ៏​ក្រៀមក្រំ​នេះ​ជាមួយ​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ និង​សូម​បួងសួង​ដល់​ដួង​វិញាណក្ខន្ធ​ឯកឧត្តម ចក់ ឡេង បាន​សោយសុខ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​

​ស្ថិត​ក្នុង​បរិយាកាស​ប្រកបដោយ​មនោសញ្ចេទនា​ដ៏​ក្រៀមក្រំ​នេះដែរ សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ថ្លែង​រំលែក​មរណទុក្ខ​ដោយផ្ទាល់​ជាថ្មី​ម្ដងទៀត ជាមួយ​លោក​ជំទាវ ខៀវ ហុង ព្រមទាំង​កូន ចៅ នៃ​សព​ឯកឧត្ដម ចក់ ឡេង និង​បាន​ប្រគល់​បច្ច័យ​ចូលរួម​បុណ្យសព​ជូន​លោក​ជំទាវ​ផងដែរ​៕

Share this post

Post Comment