​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សូត្រមន្ត​ឡើង​អគារ​វិមាន​៧​មករា​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សូត្រមន្ត​ឡើង​អគារ​វិមាន​៧​មករា​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​

ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នារ​សៀ​ល​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០​នេះ​បាន​អញ្ជើញ​សូត្រមន្ត​ឡើង​អគារ​វិមាន​៧​មករា ដែល​ជា​ទីស្នាក់ការ​កណ្តា​ល​ដ៏​ថ្មីស្រឡាង​របស់ គណបក្ស​ប្រជាជន​កម្ពុជា​នៅតាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម​។

​ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត​ឡើង​អគារ​វិមាន​៧​មករា គឺ​ប្រារព្ធ​ធ្វើ​ឡើង​ត្រូវ​ចំ​នឹង​ថ្ងៃ​ខួប​លើក​ទី​៦៩ នៃ​ថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា​(២៨ មិថុនា ១៩៥១- ២៨ មិថុនា​ឆ្នាំ​២០២០)​។ នៅក្នុង​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រី​កំពូល និង​សមាជិក​សមាជិការ​គណ​បក្ស​ប្រជា​ជាន​កម្ពុជា​សំខាន់ៗ​ជាច្រើន​រូប​រួម​ទាំង សម្តេច​អគ្គ​មហា​ពញ្ញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស និង​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ជាន់​ទី ១ និង​ជាន់​ទី ៥ ដែល​បាន​ប្រព្រឹត្តិ​ទៅ​តាម​គន្លង​ទំនៀមទម្លាប់​សា​សាសនា​របស់​ខ្មែរ​យើង​។​

​វិមាន​៧ មករា ដែល​ជា​ទីស្នាក់ការ​កណ្តា​ល​គណបក្ស​ប្រជាជន​កម្ពុជា ដ៏​ធំ​ស្កឹមស្កៃ​ពោរពេញ​ដោយ​ប្រណិត​ភាព​ស្ថិត​កណ្តាល​រាជធានី​ភ្នំពេញ​ក្នុង​យុគ្គ សម័យ​នៃ​ការអភិវឌ្ឍ​ដ៏​រុងរឿង​នោះ ត្រូវបាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​ហើយ​។

​វិមាន​៧ មករា ត្រូវ​បាន​បញ្ចុះ​បឋមសិលា​សាងសង់​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ហើយ​ទើប​នឹង​សាងសង់​រួចរាល់​ក្នុង​ខែ​មិថុនា ឆ្នាំ​២០២០​នេះ​។ អគារ​នេះ​មាន​បណ្ដោយ​១៥០​ម៉ែត្រ​, ទទឹង​៧៤​ម៉ែត្រ​។ កម្ពស់​អគារ​គិត​អំពី​ទីលាន​មហាជន​ខាង​មុខ​រហូត​ទៅ​ដល់​កំពូល​ពេជ្រ​មាន​កម្ពស់ ៤៨​ម៉ែត្រ​។ ជាន់​ផ្ទាល់​ដី​មាន​ចំណត​រថយន្ត​ជាង ៥០០​ចំណត និង​ទីធ្លារ​មុខ​អគារ​សម្រាប់​មហាជន​អាច​ចត​រថយន្ត​បាន ៣០០​គ្រឿង​។ នៅ​ជាន់​ទី​៥​ខាងលើ គឺ​មាន​សាល​សម្រាប់​ប្រជុំ​ជា​លក្ខណៈ​មហាជន ឬក៏​មិ​ទ្ទិញ​បាន​ដែល​អាច​ដាក់​ចំនួន​មនុស្ស​បាន​ជាង ៣,៤០០​។ អគារ​នេះ​មាន​កម្ពស់ ៥​ជាន់ ដោយ​មាន​សាល​បដិសណ្ឋារកិច្ច ដែល​មាន​ក្រឡា​ផ្ទៃ​ប្រមាណ ៣​ពាន់​ម៉ែត្រក្រឡា មាន​អាហា​រដ្ឋា​ន​នៅ​ផ្នែក​ខាងត្បូង​អគារ ដែល​អាច​ដាក់​មនុស្ស​បាន​ចំនួន ១២០​នាក់​ក្នុង​មួយពេល​។​

​អគារ​នេះ​មាន​បន្ទប់​សោតទស្សន៍ បន្ទប់​កាត់សក់ បន្ទប់​រដ្ឋបាល បន្ទប់​សម្រាប់​ជនពិការ បន្ទប់​ឃ្លាំង បន្ទប់​សម្រាប់​កងការពា​រ បន្ទប់​ប្រជុំ​គណៈ​ប្រចាំការ និង​បន្ទប់​ប្រជុំ​អន្តរជាតិ ព្រមទាំង​មាន​ការិយាល័យ​សម្រាប់​ស​ម្រាក និង​ការិយាល័យ​សម្រាប់​សម្ដេច​ប្រធានកិត្តិយស ការិយាល័យ​សម្រាប់​ប្រឹក្សា​គណៈអចិន្ត្រៃយ៍ ការិយាល័យ​ដែល​ជា​សាល​សមាជិក​អចិន្ត្រៃយ៍ និង​បន្ទប់​ទទួលទាន​អាហារ​។ អគារ​នេះ​ក៏​មាន​សាល​លៀង​សាយភោជន៍​ដាក់​មនុស្ស​បាន​១៥០​នាក់ និង​បន្ទប់​រៀបចំ​អាហារ​ជាដើម​។​

​វត្តមាន​ថ្មី​នៃ​អគារ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ក្លាយទៅជា​កន្លែង​ប្រតិបត្តិការ​ងារ​ដ៏​សំខាន់​របស់ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​ដ៏​ធំ​បំផុត ដែល​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល និង​ទទួលខុសត្រូវ​ខ្ពស់​បំផុត​ចំពោះ​ជោគវាសនា​អ​នា​គត់​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​កម្ពុជា​៕

Share this post

Post Comment