ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាស​ចាត់វិធានការ​ក្តៅ​ដោយ​មិន​លើកលែង​បើរ​ក​ឃើញ​ភាពមិនប្រក្រតី លើ​ការឧបត្ថម្ភ​សាច់ប្រាក់​ជូន​អ្នកក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​កូវី​ដ​-១៩

ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាស​ចាត់វិធានការ​ក្តៅ​ដោយ​មិន​លើកលែង​បើរ​ក​ឃើញ​ភាពមិនប្រក្រតី លើ​ការឧបត្ថម្ភ​សាច់ប្រាក់​ជូន​អ្នកក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​កូវី​ដ​-១៩

​ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ព្រមាន​ចាត់វិធានការ​ក្តៅ​ដោយ​គ្មាន​ការលើកលែង​នោះឡើយ ប្រសិនបើ​រក​ឃើញ​ភាពមិនប្រក្រតី​លើ​ការអនុវត្តន៍​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​កូវី​ដ​១៩ ជាពិសេស​ការឃុបឃិត​គ្នា​ដាក់​សាច់ញាតិ​ខ្លួន ដើម្បី​ទទួលបាន​ប្រាក់ឧបត្ថម្ភ​។​

​សម្តេច​តេជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០​កន្លងទៅនេះ បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ន៍​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​កូវី​ដ​១៩ ចំនួន ៥៦​ម៉ឺន​គ្រួសារ ដោយ​ចំណាយ​ថវិកា​ប្រមាណ ២៥​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​។​

​តាមរយៈ​ទំព័រ Facebook នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ចេញ​មក​ក្រើនរំលឹក​ជាថ្មី​ឱ្យមាន​ការអនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ​លើ​ការងារ​ឧបត្ថម្ភ​សាច់ប្រាក់​នេះ​។ សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា ការងារ​ធ្វើ​បច្ចុប្បន្នភាព​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ក្នុងកំលុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩ នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់ ដើម្បី​ធានា​ថា​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​កំពុង​ជួប​បញ្ហា​លំបាក​ពិតប្រាកដ​ទទួលបាន​នូវ​ជំនួយ​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បន្ថែមថា ការងារ​នេះ ត្រូវ​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​លើ​អាជ្ញាធរ​មូលដ្ឋាន គឺ​មេភូមិ និង​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ដែល​ត្រូវតែ​ធ្វើ​ឱ្យបាន​ច្បាសលាស់ និង​ហ្មត់ចត់​បំផុត​។ សម្តេច​តេជោ ហ៊ុន សែន ប្រកាស​ដាក់​បទបញ្ជា​ឱ្យ​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​នេះ​ត្រូវ​យកចិត្តទុកដាក់​បំពេ​ញ​លើ​ការងារ​នេះ ឱ្យបាន​ត្រឹមត្រូវ​បំផុត​ចៀសវាង​ការឃុបឃិត​ដាក់បញ្ចូល​សាច់ញាតិ​ខ្លួន​ក្នុង​បញ្ជី​ទទួលបាន​ប្រាក់ឧបត្ថម្ភ​។​

​សម្តេច​តេជោ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ «​ដើម្បី​ធានាឲ្យបាន​នូវ​តម្លាភាព និង​សុច្ចរិត​ភាព​ក្នុង​ការផ្តល់​សេវា​សម្រាប់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ ខ្ញុំ​សូម​ចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​។ ពិសេស​ចំពោះ​អ្នកអនុវត្ត​ផ្ទាល់​នៅតាម​ឃុំ​សង្កាត់​ទាំងអស់ គឺ​ត្រូវ​ផ្តោត​ការយកចិត្តទុកដាក់​បំពេញ​ការងារ​នេះ​ឲ្យបាន​ត្រឹមត្រូវ និង​ខ្ជាប់ខ្ជួន​បំផុត គឺ​ត្រូវ​ចៀសវាង​ដាច់ខាត​នូវ​ការឃុំ​ឃិត​គ្នា​ដាក់បញ្ចូល​សាច់ញាត្តិ​បងប្អូន​កូនក្មួយ​ខ្លួនឯង​ដែល​មិនមែនជា​គ្រួសារ​ក្រីក្រ​នឹង​ងាយ​រងគ្រោះ​ពិតប្រាកដ​ដើម្បី​ទទួលបាន​នូវ​ប្រាក់​ឧបត្ថម្ភ​នេះ​»​។​

​សម្តេច​តេជោ បានប្រកាស​ចាត់វិធានកា​រ​ក្តៅ​ដោយ​មិន​លើកលែង​ឡើយ បើ​រកឃើញ​ភាពមិនប្រក្រតី​។ សម្តេច​តេជោ​បាន​ព្រមាន​យ៉ាង​ដូច្នេះ «​ខ្ញុំ​នឹង​ចាត់វិធានការ៍​ក្តៅ ហើយ​នឹង​មិន​មាន​ការ​លើកលែង​ឡើយ ប្រសិនបើ​រក​ឃើញ​ថា នៅក្នុង​ភូមិ និង​ឃុំ​-​សង្កាត់​មួយ​ណា​មាន​ករណី​មិន​ប្រក្រតី​នេះ​កើតមានឡើង​»​។​

​សូមបញ្ជាក់​ថា ការឧបត្ថម្ភ​សាច់ប្រាក់​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​កូវី​ដ​១៩ នៅ​ជំហាន​ដំបូង​មាន​រយៈពេល​ពីរ​ខែ គឺ​ខែ​មិថុនា និង​ខែកក្កដា​។ តែ​ប្រសិនបើ​ជំងឺ​កូវី​ដ​១៩ នៅតែ​បន្ត​យាយី រាជរដ្ឋាភិបាល​នឹង​បន្ត​ឧបត្ថម្ភ​សាច់ប្រាក់​នេះ​ទៅ​ខែ​បន្តបន្ទាប់​ទៀត​។ រាជរដ្ឋាភិបាល​បាន​បញ្ចេញ​សាច់ប្រាក់​សរុប​រហូតដល់​ទៅ ១២៥​លាន​ដុល្លារ ដើម្បី​ត្រៀម​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ក្នុង​កំលុងពេល​ជំងឺ​កូវី​ដ​១៩​រាតត្បាត​។​

​ដើម្បី​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​នេះ គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ត្រូវ​មានបណ្ឌ​សមធម៌ ដែល​មាន​សុពលភាព ដោយ​ឈរ​លើ​កម្រិត​ភាពក្រីក្រ​៖ ក្រ​កម្រិត​១ (​ទីទ័លក្រ​) ឬ ក្រ​កម្រិត​២ (​ក្រ​) និង​បាន​ទៅ​ផ្ទៀងផ្ទាត់​បញ្ជី​ឈ្មោះ នៃ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ ក្នុងកំលុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩ នៅ​សាលាឃុំ សង្កាត់​ណាមួយ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​គូសបញ្ជាក់ថា ការឧបត្ថម្ភ​សាច់ប្រាក់​នេះ​នឹង​ត្រូវ​ផ្តល់​ជូន​ទៅ​តាម​ប្រភេទ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​។​

​ការឧបត្ថម្ភ​សាច់ប្រាក់​នេះ​កំណត់​ដូចខាងក្រោម​៖

​ទី​១-​តំបន់​ទីប្រជុំជន​ក្នុង​រាជធានី​ភ្នំពេញ​

* «​សម្រាប់​បណ្ណ ក្រ​-១» ៖ ក្នុង ១​គ្រួសារ​ទទួលបាន​ប្រាក់​ចំនួន ១២ ម៉ឺន​រៀល បូក​បន្ថែម ៥២០០០៛ សម្រាប់​សមាជិក​គ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម​៤ ម៉ឺន​រៀល ម្នាក់ទៀត សម្រាប់​សមាជិក​នៅក្នុង​គ្រួសារ ដែល​ជា​កុមារ​អាយុ​ក្រោម​៥ ឆ្នាំ​, ជន​មាន​ពិការភាព​, ជន​ចាស់ជរា​អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើង និង​អ្នក​ផ្ទុក​មេរោគ​អេដស៍​។​

* «​សម្រាប់​បណ្ណ ក្រ​-២»៖ ក្នុង​១​គ្រួសារ ទទួលបាន​ប្រាក់​ចំនួន ១២ ម៉ឺន​រៀល បូក​បន្ថែម ៣៦ ០០០៛ សម្រាប់​សមាជិក​គ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម ២៨ ០០០៛​ម្នាក់ទៀត សម្រាប់​សមាជិក​នៅក្នុង​គ្រួសារ ដែល​ជា​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ​, ជន​មាន​ពិការភាព​, ជន​ចាស់ជរា​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង និង​អ្នក​ផ្ទុក​មេរោគ​អេដស៍​។​

​ទី​២-​តំបន់​ទីប្រជុំជន​ក្រៅពី​រាជធានី​ភ្នំពេញ​

* «​សម្រាប់​បណ្ណ ក្រ​-១» ៖ ក្នុង ១​គ្រួសារ​ទទួលបាន​ប្រាក់​ចំនួន ១២ ម៉ឺន​រៀល បូក​បន្ថែម ៤​ម៉ឺន​រៀល​)​សម្រាប់​សមាជិក​គ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម ៤​ម៉ឺន​រៀល ម្នាក់ទៀត សម្រាប់​សមាជិក​នៅក្នុង​គ្រួសារ ដែល​ជា​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ​, ជន​មាន​ពិការភាព​, ជន​ចាស់ជរា​អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើង និង​អ្នក​ផ្ទុក​មេរោគ​អេដស៍ ។​

* «​សម្រាប់​បណ្ណ ក្រ​-២» ៖ ក្នុង ១​គ្រួសារ​ទទួលបាន​ប្រាក់​ចំនួន ១២ ម៉ឺន​រៀល បូក​បន្ថែម​២៨ ០០០៛ សម្រាប់​សមាជិក​គ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម ២៨ ០០០៛ ម្នាក់ទៀត សម្រាប់​សមាជិក​នៅក្នុង​គ្រួសារ ដែល​ជា​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ​, ជន​មាន​ពិការភាព​, ជន​ចាស់ជរា​អាយុ​ចាប់ពី ៦០ ឆ្នាំ ឡើង និង អ្នក​ផ្ទុកមេរោគ​អេដស៍ ។​

​ទី​៣-​តំបន់​ជនបទ​

* «​សម្រាប់​បណ្ណ ក្រ​១» ៖ ក្នុង ១​គ្រួសារ​ទទួលបាន​ប្រាក់​ចំនួន ៨ ម៉ឺន​រៀល បូក​បន្ថែម ២៤ ០០០៛ សម្រាប់​សមាជិក​គ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម ២៤ ០០០៛ ម្នាក់ទៀត សម្រាប់​សមាជិក​នៅក្នុង គ្រួសារ ដែល​ជា​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ​, ជន​មាន​ពិការភាព​, ជន​ចាស់ជរា​អាយុ​ចាប់ពី ៦០​ឆ្នាំ ឡើង និង អ្នក​ផ្ទុកមេរោគ​អេដស៍ ។​

* «​សម្រាប់​បណ្ណ ក្រ​-២» ៖ ក្នុង ១​រួ​សារ​ទទួលបាន​ប្រាក់​ចំនួន ៨ ម៉ឺន​រៀល បូក​បន្ថែម ១៦ ០០០៛ សម្រាប់​សមាជិក​គ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម​១៦ ០០០៛ ម្នាក់ទៀត សម្រាប់​សមាជិក​នៅក្នុង គ្រួសារ ដែល​ជា​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ​, ជន​មាន​ពិការភាព​, ជន​ចាស់ជរា​អាយុ​ចាប់ពី ៦០​ឆ្នាំ ឡើង និង​អ្នក​ផ្ទុក​មេរោគ​អេដស៍​៕

 

Share this post

Post Comment