ជនសង្ស័យ​បាន​៣​នាក់​ពាក់​ពន្ធ័​ករណី​ធ្វើឯកសារ​ក្លែងបន្លំ និង​ប្រើប្រាស់​ឯកសារ​ក្លែង​បញ្ជាការដ្ឋាន​អង្គរក្ស​ត្រូវ​កម្លាំង​របស់​ស្នងការដ្ឋាន​ខេត្ត​កណ្ដាល​ក្របួច​បាន​ហើយ​!

ជនសង្ស័យ​បាន​៣​នាក់​ពាក់​ពន្ធ័​ករណី​ធ្វើឯកសារ​ក្លែងបន្លំ និង​ប្រើប្រាស់​ឯកសារ​ក្លែង​បញ្ជាការដ្ឋាន​អង្គរក្ស​ត្រូវ​កម្លាំង​របស់​ស្នងការដ្ឋាន​ខេត្ត​កណ្ដាល​ក្របួច​បាន​ហើយ​!

​កណ្តាល​ ៖ ​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ដឹកនាំ​ដោយ​លោក វីរ​សេនីយ៍ ឡាក់ ម៉េង​ធី ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ចុះ​ធ្វើ​ការស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៣​នាក់ ពាក់​ពន្ធ័​ករណី​ធ្វើឯកសារ​ក្លែងបន្លំ និង​ប្រើប្រាស់​ឯកសារ​ក្លែង​បញ្ជាការដ្ឋាន​អង្គរក្ស​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃទី​២៧ ខែ​កុម្ភះ ឆ្នាំ​២០២០ និង​ធ្វើ​ការឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្ត​ដា ឆ្នាំ​២០២០ ចំណុច​តូប យីហោ​ឈ្មោះ​រតនា​បុត្រ ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល​។​

​លោក​វីរ​សេនី​យ៌ ឡាក់ ម៉េង​ធី ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ប្រាប់​សកម្មជន​ហ្វេ​សប៊ុក​កម្ពុជា​ដឹងថា ជនសង្ស័យ​៣​នាក់​៖​ទី​១-​ឈ្មោះ ញ៉ែម ភឿន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ផ្ទះ​លេខ​២០ ផ្លូវ​៣៧១ សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ មុខរបរ អង្គរក្ស​(២៤៦),​ទី​២-​ឈ្មោះ ចាន់ ផា​ន្នាក់ ភេទ​ប្រុស អាយុ​២៨ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះជួល​ក្រោយ​ម៉ូឌែ​ន​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ បើកឡាន និង​ទី​៣-​ឈ្មោះ ផាត់ សុវណ្ណ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល មុខរបរ ថតចម្លង​ឯកសារ​។​

​វត្ថុតាង​ចាប់​យក​រួម​មាន​ប័ណ្ណសំគាល់ខ្លួន​ឈ្មោះ​ផៃ វុត្ថា​
​ក្លែងក្លាយ ប័ណ្ណ​សំគាល់​អាវុធខ្លី​សមូហភាព ក្លែងក្លាយ លិខិត​បញ្ជា​បេសកកម្ម ឈ្មោះ ផៃ វុត្ថា​ក្លែងក្លាយ ទូរស័ព្ទដៃ​៣​គ្រឿង​ម៉ាក iPhone 5​ពណ៌​ស ម៉ាក OPPO​ពណ៌​ស ម៉ាក SAMSONG A20s​ពណ៌​ខ្មៅ​។​

​លោក​បាន​បន្ថែមទៀតថា កាលពី​ឆ្នាំ​២០១៤​ឈ្មោះ ចាន់ ផា​ន្នាក់ បាន​ចូល​បម្រើ​ការងារ នៅ​បញ្ជាការដ្ឋាន​កង​អង្គរក្ស​កង​អន្តរាគមន៍​២១០​ហើយ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៥ ចាន់ ផា​ន្នាក់ បាន​ឈប់​ធ្វើការ វិញ នៅពេល​ដែល​បម្រើ​ការងា​រ​នោះ​ឈ្មោះ ចាន់ ផា​ន្នាក់​បាន​ស្គាល់ឈ្មោះ ញ៉ែម ភឿន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ដែលជា​អ្នក​ធ្វើការ​នៅ​បន្ទាយ​ជាមួយគ្នា ក្រោយមក​មាន​ទំនាក់ទំនង​គ្នា​រហូត​មក​។​

​នៅ​ឆ្នាំ​២០១៨ ឈ្មោះ​ចាន់ ផា​ន្នាក់ មាន​គំនិត​ចង់​ទៅ​ធ្វើការ​ឲ្យ​ជនជាតិ​ចិន​នៅ​ខេត្ត ព្រះសីហនុ​(​បើកឡាន​) តែ​ជនជាតិ​ចិន តម្រូវ​ឲ្យ​អ្នក​ដែល​មាន​ក្រប​ខណ្ឌ​កងកម្លាំង​ទើប​គេ​ទទួលយក​ធ្វើការ ពេលនោះ ឈ្មោះ​ចាន់ ផា​ន្នាក់ បាន​ពឹង​សុំ​ឲ្យឈ្មោះ ញ៉ែម ភឿន ជួយ​យក​ប័ណ្ណ​សំគាល់​អាវុធខ្លី​សមូហភាព លិខិត​បញ្ជា​បេសកកម្ម និង​ប័ណ្ណសំគាល់ខ្លួន របស់​បញ្ជាការដ្ឋាន​ក​ង​អង្គរក្ស របស់​ឈ្មោះ ញ៉ែម ភឿន មក​កែ​បញ្ជូល​ដាក់​ឈ្មោះ​ចាន់ ផា​ន្នាក់ វិញ ទើប​នាំគ្នា ទៅ​កន្លែង​ថតចម្លង ឯកសារ មួយ​ដែល​មាន​ផ្លាក​យីហោ​ឈ្មោះ​រតនា​បុត្រ ។​

​ក្រោយមក​ឈ្មោះ ចាន់ ផា​ន្នាក់ បាន​រៀបចំ​ឲ្យគេ​ធ្វើឯកសារ​ក្លែង​(​បញ្ជាការដ្ឋាន​អង្គរក្ស​) ឲ្យទៅ​អ្នក​ផ្សេងៗ​ដូចជា​៖១-​ឈ្មោះ ឌួ​ក ម៉ាប់ ភេទ​ប្រុស (​ជាប់​ពន្ធនាគារ​នៅ​ខេត្ដ​ព្រះសីហនុ​),២-​ឈ្មោះ ហែម សម្បត្ដិ ភេទ​ប្រុស​,៣-​ឈ្មោះ ព្រុំ សុផាត ភេទ​ប្រុស និង​៤-​ឈ្មោះ ផៃ វុត្ថា និង​អ្នក​មួយចំនួនទៀត​មិន​ចាំ​ឈ្មោះ នៅពេល​ធ្វើ​ឯកសារ គឺ​ទទួលបាន​ប្រាក់​ចាប់ពី ១៦០$ ទៅ​២២០$ ។ ចំណែក​ឈ្មោះ ផាត់ សុ​វណ្ណះ ជា​អ្នកស្គែ​ន កាត់ត ឯកសារ ទទួលបាន​ប្រាក់ ចាប់​ពី​ចំនួន​៣០,០០០៛ ទៅដល់ ៧០,០០០៛ ។​

​លទ្ធផល​ស្រាវជ្រាវ​ស៉ើបអង្កេត​តាម​ចម្លើយ​សារភាព របស់​ឈ្មោះ ចាន់ ផា​ន្នាក់ ឈ្មោះ​ញ៉ែម ភឿន ឈ្មោះ ផាត់ សុ​វណ្ណះ ថា​ខ្លួន​ពិតជា​បាន ចាត់ចែង​ឲ្យ ធ្វើឯកសារ​ក្លែង​(​បញ្ជាការដ្ឋាន​អង្គរក្ស​) ឲ្យទៅ​អ្នកដ៏ទៃ​ប្រើប្រាស់​ពិតប្រាកដ​មែន ដើម្បី ទទួលបាន​ប្រាក់​មួយ​ចំនួន​។ បច្ចុប្បន្ន​ករណីនេះ​បាន​កសាង​សំណុំរឿង​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

Share this post

Post Comment