​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ដំណើរការ​ឡើងវិញ នូវ​សកម្មភាព​ហាត់ប្រាណ និង​លេង​កីឡា​តាម​ទីធ្លា​សាធារណៈ និង​បរិវេណ​ស្តា​ត​អូឡាំពិក​

​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ដំណើរការ​ឡើងវិញ នូវ​សកម្មភាព​ហាត់ប្រាណ និង​លេង​កីឡា​តាម​ទីធ្លា​សាធារណៈ និង​បរិវេណ​ស្តា​ត​អូឡាំពិក​

ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សម្រេច​អនុញ្ញាត​ឱ្យ​ដំណើរការ​ឡើងវិញ នូវ​សកម្មភាព​ហាត់ប្រាណ និង​លេង​កីឡា​តាម​ទីធ្លា​សាធារណៈ​នៅតាម​រាជធានី ខេត្ត និង​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ ដែល​បណ្តាញ​ព័ត៌មាន​ទទួលបាន​នៅ​ព្រឹក​ទី​២៨ ខែកក្កដា ឆ្នាំ​២០២០​។​

​ក្រសួង​អប់រំ បានបញ្ជាក់​ថា «​ដោយសារ​បច្ចុប្បន្ននេះ ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា​មាន​ស​ភាពល្អប្រសើរ និង​អាច​គ្រប់គ្រង​បាន និង​ដើម្បី​លើកកម្ពស់​ការថែទាំ​សុខភាព ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ តាមរយៈ​ការ​ហាត់ប្រាណ និង​ការលេង​កីឡា ក្រសួង​អប់រំ យុវជន និង កីឡា​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ដើម្បី​ដំណើរការ​ឡើងវិញ​នូវ​សកម្មភាព​ហាត់ប្រាណ និង​លេង​កីឡា​តាម​ទីធ្លា​សាធារណៈ​នៅតាម​រាជធានី ខេត្ត និង​ក្នុង​បវិវេណ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក លើកលែង​តែ​សកម្មភាព​ហាត់ប្រាណ​តាម​ក្លឹប​កីឡា ដែល​ប្រើប្រាស់​សម្ភារៈ​រួមគ្នា​»​។​

​ក្រសួង​អប់រំ​បន្តថា នៅ​ក្នុង​ការអនុញ្ញាតឱ្យ​ដំណើរការ​ឡើងវិញ​នេះ ក្រសួង​ស្នើឱ្យ​ទីកន្លែង​ហាត់ប្រាណ និង​លេង​កីឡា​ទាំង អស់​ត្រូវ​បន្ត​គោរព​តាម​វិធាន​សុវត្ថិភាព​សុខភាព របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​យ៉ាង ត្រឹមត្រូវ និង​ម៉ឺង​មាត់​ដូចខាងក្រោម​៖

១៖ រក្សា​អនាម័យ​ជា​ប្រចាំ​ដោយ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ ទឹក​អាល់កុល ដែល​សម្លាប់​មេរោគ ពាក់​ម៉ាស់ និង​វ៉ាស់​កម្ដៅ​
២៖ រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ដោយ​រក្សា​ចម្ងាយ​ពី​ម្នាក់​ទៅ​ម្នាក់​យ៉ាង​តិច ១.៥ ម៉ែត្រ​
៣៖ ទីកន្លែង​ហាត់ប្រាណ និង​កន្លែង​លេង​កីឡា ត្រូវ​បាញ់​ថ្នាំ​សម្លាប់​មេរោគ និង​ធ្វើ​អនាម័យ​ជាប្រចាំ​
៤៖ ត្រូវ​ធានា​ថា កន្លែង​ហាត់ប្រាណ និង​កន្លែង​លេង​កីឡា មិនមែន​ជា​កន្លែង​ឆ្លង​ជំងឺ​កូវី​ដ​១៩​។​

​ជាមួយគ្នានេះ ក្រសួង​អប់រំ​សង្ឃឹម និង​ជឿជាក់​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នឹង​ចូលរួម​ហាត់ប្រាណ និង​លេង​កីឡា ព្រមទាំង​បន្ត​អនុវត្ត​នូវ​វិធាន​សុវត្ថិភាព​សុខភាព របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​៕

Share this post

Post Comment