ដឹង​ដល់​ថ្នាក់លើ​ហើយ​រឿង​អយុត្តិធម៌​នៅ​ខេត្ត​ព្រៃវែង​, ​នគរបាល​ខេត្ត​ព្រៃវែង​៧​នាក់ រឿង​ប្រើ​ហិង្សា និង​យក​លុយ​ពី​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ត្រូវបាន​ដក​បញ្ឍរជើង​ហើយ​!

ដឹង​ដល់​ថ្នាក់លើ​ហើយ​រឿង​អយុត្តិធម៌​នៅ​ខេត្ត​ព្រៃវែង​, ​នគរបាល​ខេត្ត​ព្រៃវែង​៧​នាក់ រឿង​ប្រើ​ហិង្សា និង​យក​លុយ​ពី​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ត្រូវបាន​ដក​បញ្ឍរជើង​ហើយ​!

ភ្នំពេញ​៖ ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចេញ​សេចក្តីសម្រេច​ផ្អាក​ការងារ​ស្នងការរង​ខេត្ត​ព្រៃវែង​ទទួលបន្ទុក​គ្រឿងញៀន និង​នាយ​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង សរុប​ចំនួន​៧​នាក់​។​នេះ​បើ​យោង​តាម​សេចក្តីសម្រេច ស្ដី​ពី​ការផ្អាក​ការងារ​បណ្ដោះអាសន្ន​មន្ត្រី​នគរបាលជាតិ​ដែល​បណ្ដាញសារព័ត៌មាន​សកម្មជន​ហ្វេ​សប៊ុក​កម្ពុជា​ទើប​បាន​ទទួល​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០​នេះ​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានសម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្ន​របស់​ស្នងការរង និង​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​ទទួលបន្ទុក​ការងារ​គ្រឿងញៀន​ចំនួន​៧​រូប បន្ទាប់ពី​ពួកគេ​បាន​ប្រើ​ហិង្សា និង​យក​លុយ​ប្រមាណ ៤​លាន​រៀល​ពី​ជនសង្ស័យ​ពេល​ចុះបង្ក្រាប​ករណី​គ្រឿងញៀន​។​

​បើ​យោង​តាម​ប្រភព​ព័ត៌មាន​បាន​គូសបញ្ជាក់ថា ចំណាត់ការ​នេះ​បាន​ធ្វើ​បន្ទាប់​ពី​កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា វេលា​ម៉ោង ២០៖៣០​នាទី កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង បាន​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​មុខ​ក្លោងទ្វា​វត្ត​រោងដំរី ស្ថិតនៅ​ភូមិ​៦ សង្កាត់​កំពង់លាវ ក្រុង​-​ខេត្ត​ព្រៃវែង​។​

​ព័ត៌មាន​បាន​បញ្ជាក់ថា ប្រតិបត្តិការ​នោះ សមត្ថកិច្ច​បាន បាន​ចាប់​ជនសង្ស័យ​ឈ្មោះ ថៃ សា​មាឌ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ និង​ឈ្មោះ ហឿន រ័ត្ន ភេទ​ប្រុស អាយុ ២៨​ឆ្នាំ​។ ជនសង្ស័យ​បាន​អះអាងថា មន្ត្រីនគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ព្រៃវែង បាន​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ រួច​វាយ​ក្បាល​ពួកគេ និង​ហៅ​បក្ខពួក​មក​ព្រួត​គ្នា​ចាប់​វ៉ៃ​ក្រៀក​យក​ទៅ​ការិយាល័យ ធ្វើ​ទារុណកម្ម ហើយ​ជម្រិត​ទារ​លុយ​បាន​សម្រេច ៤,០០០,០០០​រៀល​ទៀត​ផង ជា​ថ្នូរ និង​ការដោះលែង​វិញ​។​

​បើ​តាម​លោក​អនុសេនីយ៍ឯក ទូច ធារ៉ា នាយរង​ការិយាល័យ​គ្រឿងញៀន​ខេត្ត​ព្រៃវែង ប្រាប់​បណ្ដាញ​ព័ត៌មាន​ថា លុយ ៤​លាន​នោះ បាន​ប្រគល់​ទៅឱ្យ​យ​លោក​ព្រះរាជអាជ្ញា​ខេត្តព្រៃវែង​ជា​ថ្នូរ​នឹង​ការដោះលែង​ជនរងគ្រោះ​ឱ្យ​មាន​សេរីភាព​វិញ​។ ពាក់ព័ន្ធ​ការលើកឡើង​របស់​លោក ទូច ធារ៉ា បណ្ដាញសារព័ត៌មាន​មិនអាច​ទំនាក់ទំនង​ទៅ​លោក​ព្រះរាជអាជ្ញា​ខេត្ត​ព្រៃវែង​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី ២៨ ខែកក្កដា ឆ្នាំ​២០២០​នេះ​។​

​ក្រោយ​ទទួល​ព័ត៌មាន​នេះ​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​កក្ត​ដា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ ព្រុំ សន្ធរ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង តំណាង​ឯកឧត្ដម​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ចុះ​ផ្ទាល់​ដើម្បី​ធ្វើ​ការសុំ​អភ័យទោស និង​នាំយក​ថវិកា​ទៅ​ប្រគល់ជូន​ក្រុមគ្រួសារ ស្ថិតនៅ​ភូមិ​អណ្តូង ឃុំ​មេសរ​ប្រចាន់ ស្រុក​ពារាំង ខេត្ត​ព្រៃវែង ។​

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​ដាក់​បទបញ្ជា​ឲ្យ​ថ្នាក់ដឹកនាំ​នាយកដ្ឋាន អង្គភាព និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ទាំង​២៥ ត្រូវ​ពង្រឹង​ការអនុវត្តន៍​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ​នៅ​ទូទាំង​ប្រទេស និង​មិន​លើកលែង​ដាច់ខាត​ចំពោះ​មន្ត្រី​នគរបាល​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​ខុស​ពី​វិន័យ និង​វិជ្ជាជីវៈ​របស់​កងកម្លាំង​នគរបាលជាតិ និង​អាច​ឈាន​ដល់​ការអនុវត្ត​នីតិវិធី​ច្បាប់​ទៀតផង​។​

​គួរ​ជម្រាប​ថា​មន្ត្រីនគរបាល​ដែល​ផ្អាក​ការងារ​បណ្តោះអាសន្ន​នេះ​រួមមាន​៖ ទី​១-​លោក​ឧត្តមសេនីយ៍ត្រី ថោង វណ្ឌី ស្នងការរង​ទទួល​ផ្ទុក​ផែនកា​រងារ​ប្រឆាំង​គ្រឿងញៀន​,​ទី​២-​លោក​វរសេនីយ៍ឯក ពៅ ជីវ័ន នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​,​ទី​៣-​អនុសេនីយ៍ឯក ទូច ធារ៉ា នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​,​ទី​៤-​អុន​សេនីយ៍​ឯក ស៊ី បូ នាយ​ផ្នែក​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​,​ទី​៥-​អនុសេនីយ៍ឯក ហេង ចាន់​រតនា មន្ត្រី​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​,​ទី​៦-​អនុសេនីយ៍ឯក សៀក ចាន់​ធឿន មន្ត្រី​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​ទី​៧-​អនុសេនីយ៍ទោ យុន តា​រាស័ក្ត មន្ត្រី​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​៕

Share this post

Post Comment