​ឯកឧត្តម ស៊ុន ចាន់ថុល បាន​ដង្ហែរ​អង្គ​កឋិនទាន​សាមគ្គី​ទៅ​វត្ត​សុវណ្ណ​គិរី​ហៅ វត្ត​ពើង​បាក់​រទេះ​

​ឯកឧត្តម ស៊ុន ចាន់ថុល បាន​ដង្ហែរ​អង្គ​កឋិនទាន​សាមគ្គី​ទៅ​វត្ត​សុវណ្ណ​គិរី​ហៅ វត្ត​ពើង​បាក់​រទេះ​

ភ្នំពេញ ​៖​ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​រៃអង្គាស​បច្ច័យ​បាន​២១៥.៥៥០.០០០៛ និង​៤៧.៥០០$ និង​គ្រឿង​បរិក្ខា​មួយចំនួន ត្រូវបាន​ដង្ហែ​ទៅ​ប្រគេន ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​សុវណ្ណ​គិរី ហៅ វត្ត​ពើង​បាក់​រទេះ ស្រុក​ជីក្រែង ខេត្តសៀមរាប ដើម្បី កសាង​សមិទ្ធផល​នានា​ក្នុង​ព្រះពុទ្ធសាសនា​ឱ្យមាន​ការរីកចម្រើន​ថែម​ទៀត​
​នៅ​ថ្ងៃ​សៅរិ៍ ១៣​រោច ខែ​អស្សុជ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៩​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​លោកជំទាវ រួម​ជាមួយ​ថ្នាក់ ដឹកនាំ និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ក្រសួង បាន​មូលមតិ​គ្នា​ដង្ហែ​កឋិនទាន​សាមគ្គី​ទៅកាន់​វត្ត​សុវណ្ណ​គិរី ហៅ​វត្ត​ពើង​បាក់រទេះ ស្ថិតនៅ​ភូមិ​អូរ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ដើម្បី​នាំយក​បច្ច័យ​ទៅ​ប្រគេន ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា​អស់កាល​ត្រីមាស​។​

​កឋិនទាន​នេះ​បាន​ប្រារព្វ​ធ្វើឡើង​ចាប់ពី​ថ្ងៃ​សុក្រ ១២​រោច ខែ​អស្សុជ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៩ វេលា ម៉ោង​១៤​និង​៣០​នាទី​រសៀល ជួបជុំ​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ និង​ពុទ្ធ បរិស័ទ​ញាតិមិត្ត​ជិត​ឆ្ងាយ នៅ​ទីស្តីការក្រសួង ដើម្បី​ចូលរួម​ពិធី​ក្រុង​ពាលី​ប្រារព្វ​ធ្វើ​បទ​នមស្សការ​ព្រះ​រតន ត្រៃ​យ៍ និង​និមត្ត​ព្រះសង្ឃ​ចម្រើន ព្រះ​បរិត្ត រួច​សម្តែង​ធម្មទេសនា រៃអង្គាស​បច្ច័យ​បាន​២១៥.៥៥០.០០០៛ និង​៤៧.៥០០$ និង​គ្រឿង​បរិក្ខា​មួយចំនួន លុះ​ព្រឹក​ឡើង​ថ្ងៃ​សៅរិ៍​១៣​រោច ខែ អ​ស្សុជ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​៤:០០​នាទី​ព្រឹក ជួបជុំ​មន្ត្រីរាជការ និង​ពុទ្ធបរិស័ទ​នៅ ទីស្តីការក្រសួង ដង្ហែរ​ដោយ​រថយន្ត​តាម​ផ្លូវជាតិ​លេខ​៦​ឆ្ពោះ​ទៅកាន់​វត្ត​សុវណ្ណ​គិរី ហៅ​វត្ត​ពើង​បាក់រទេះ​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ​ជា​អនេក​ដែល​បាន​ឃើញ​មន្ត្រីរាជការ​គ្រប់ ជាន់ថ្នាក់ និង​ពុទ្ធបរិស័ទ​ញាតិមិត្ត​ជិត​ឆ្ងាយ​បាន​ស្រុះស្រួល​មូលមតិ​គ្នា​រៀបចំ​បុណ្យ​កឋិនទាន​សាមគ្គី​នេះ ឡើង​ប្រកបដោយ​ទឹកចិត្ត​ជ្រះថ្លា និង​ស្មារតី​សាមគ្គីភាព​យ៉ាង​ជិតស្និទ្ធ​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖ យើង​មាន​ឱកាស​ធ្វើបុណ្យ ធ្វើ​ទាន​កសាង​នូវ​សេចក្តី​ល្អ គឺ​ដោយសារ​យើង​មាន​សុខសន្តិភាព ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។

​ឆ្លៀត​ក្នុង​ឱកាស​នេះ​ផង​ដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​បួងសួង​ដល់​ទេវតា​ប្រទាន​ពរជ័យ សិរី​មង្គល វិបុល​សុខ កើតមាន​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់ៗ​រូប និង​សូម​ជួប​តែ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ និង​ជូន​នូវ​កុសលផល​បុណ្យ​ចំពោះ​មន្ត្រីរាជការ និង​ពុទ្ធបរិស័ទ​ញាតិមិត្ត​ជិត​ឆ្ងាយ​ទាំងអស់ សូម​បាន​សុខ​ចម្រុងចំរើន មាន​សន្តិភាព និង​ការអភិវឌ្ឍ​រីកចំរើន​ជា​រៀង​រហូត​ទៅ​៕

Share this post

Post Comment