បន្ទាយមានជ័យ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញអមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ជួបសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋមួយម៉ឺនគ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
សូមជម្រាបជូនថា៖ ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងខេត្តបន្ទាយមានជ័យ បានបណ្ដាលឱ្យបាត់បងអាយុ ជីវិតមនុស្ស សត្វ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកចំនួន៩ ស្មើនឹង៦០ឃុំ-សង្កាត់ លិចលង់លំនៅ ដ្ឋានសរុបប្រមាណ២៩.២២៥ ខ្នងផ្ទះ និងពលរដ្ឋរាប់ម៉ឺនគ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព បង្កការលិចលង់ផ្ទៃដីបង្កបង្កើនផលដំណាំស្រូវរបស់ប្រជាពលរដ្ឋចំនួន៦៤.៣៧៤ ហិកតា ដំឡូងមីចំនួន១.២៥៩ហិកតា រួមទាំងដំណាំរួមផ្សំចំនួនប្រមាណ៩៨៩ ហិកតា សាលារៀនចំនួន១៨៦កន្លែង មន្ទីរពេទ្យនិងមណ្ឌលសុខភាពចំនួន៨កន្លែង វត្តអារាមចំនួន៦០ សាលាឃុំចំនួន៥ និងអណ្ដូងទឹកស្នប់ចំនួន៥៤កន្លែងផងដែរ។
អំណោយទាំងនោះត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១ម៉ឺនគ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន២៥គីឡូក្រាម មីចំនួនមួយកេស ទឹកសុទ្ធចំនួនមួយកេស ត្រីខ មួយយួរ ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ មុងមួយ កន្ទេលមួយ ភួយមួយ ក្រមាមួយ សារុងមួយ និង ថវិកាចំនួន៥ម៉ឺនរៀល ដើម្បីចូលរួមចំណែកសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋបានមួយ ចំណែកក្នុងគ្រាដ៏លំបាកនេះ។
ជាមួយគ្នានោះផងដែរ សម្ដេចនាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ក៏ ដូចជាភាគីពាក់ព័ន្ធទាំងអស់ឱ្យរួបរួមគ្នាដើម្បីទីមួយ៖ យកឈ្នះឱ្យបាននូវការលំបាកចំពោះជំងឺកូវីដ-១៩ ដែលរហូតមកដល់ពេលនេះ កម្ពុជាមិនទាន់មានការឆ្លងនៅក្នុងសហគមន៍ និងមិនទាន់មានពលរដ្ឋកម្ពុជា ណាម្នាក់ស្លាប់ដោយសារជំងឺនេះនៅឡើយទេ ទីពីរ៖ យកឈ្នះឱ្យបាននូវការលំបាកដែលបណ្ដាលមក ពីគ្រោះទឹកជំនន់ទាំងនៅខេត្តបន្ទាយមានជ័យនិងនៅក្នុងក្របខណ្ឌទូទាំងប្រទេស និងទីបី៖ ត្រូវខិតខំ ប្រឹងប្រែងស្ដារសេដ្ឋកិច្ចជាតិឡើងវិញបន្ទាប់ពីទឹកជំនន់ និងបន្ទាប់ពីជំងឺកូវីដ១៩។
លើសពីនេះទៀត សម្ដេចនាយករដ្ឋមន្ត្រី បានសម្ដែងនូវការសោកស្តាយជាមួយនឹងការបាត់បង់ និងការ ខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការបាត់បងមនុស្សជាទីស្រឡាញ់ ដែលបង្កឡើង ដោយសារគ្រោះកាចចង្រៃនេះ និងបានបន្ថែមថា៖ នេះជាគ្រោះធម្មជាតិមួយបន្ថែមទៅលើអ្វីដែលយើង កំពុងតែទទួលរងនូវការលំបាកស្រាប់ទាក់ទងទៅនឹងកូវីដ-១៩។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានក្រើនរលឹកដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះទទួលទានទឹកស្អាតដើម្បីបង្ការជំងឺរាគរូស ជំងឺអាសន្នរោគ ដែលនាំមកនូវការលំបាកបន្ថែមទៀត និងបានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធដាក់គ្រូពេទ្យប្រចាំការតាមកន្លែងទីទួលសុវត្ថិភាពនីមួយៗ ដើម្បីពិនិត្យព្យាបាលជំងឺផ្សេងៗ និងចៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើងដល់ប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀស៕