​ផ្លូវជាតិ​លេខ​៥៥​ជា​ផ្លូវ​ដែល​លំបាក​សាងសង់​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា តែ​មាន​សម្រស់​ស្រស់ស្អាត​មិន​ធម្មតា​!!!

​ផ្លូវជាតិ​លេខ​៥៥​ជា​ផ្លូវ​ដែល​លំបាក​សាងសង់​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា តែ​មាន​សម្រស់​ស្រស់ស្អាត​មិន​ធម្មតា​!!!

​ពោធិ៍សាត់​៖​ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃ​ចន្ទ ១​រោច ខែ​ផល្គុន ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែ​មីនា ឆ្នាំ​២០២០ បាន​អញ្ជើញ​អមដំណើរ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិ​លេខ​៥៥ និង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ជាតិ​លេខ​១០ ដោយ​មាន​ការអញ្ជើញ ចូលរួម​ពី​ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុុល បាន​ថ្លែងឲ្យដឹងថា​៖ គម្រោង សាងសង់​ផ្លូវ​ជាតិ​លេខ​៥៥ មាន​ប្រវែង​សរុប ១៨២,១៦​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ពោធិ៍សាត់​-​វាលវែង ដល់​ថ្មដា (​ព្រំដែន​កម្ពុជា​-​ថៃ​)​ត្រូវបាន​សាងសង់​ស្របតាម​បទដ្ឋាន​បច្ចេកទេស​កម្រិត​៣ របស់​សាធារណរដ្ឋ​ប្រជា​មា និត​ចិន មាន​ទទឹង​តួ​ផ្លូវ​សរុប ៩​ម៉ែត្រ ក្រាល​កៅស៊ូ​ពីរ​ស្រទាប់ (DBST) ទទឹង​៨​ម៉ែត្រ ព្រមទាំង​មាន បំពាក់​ផ្លាកសញ្ញា​ចរាច​រណ៍ គំនូស​ចរាចរណ៍ បង្គោលគីឡូម៉ែត្រ និង​បង្គោល​សុវត្ថិភាព​ផងដែរ​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​ថ្លែង​បន្តទៀតថា​៖​គម្រោង​នេះ​ចំណាយ​ថវិកា​សរុប​ប្រមាណ ១៣២,៨០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួមជាមួយ​ថវិកាបដិភាគ​របស់ រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​គ្រាប់មីន យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ និង​សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​(CRBC) ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់ ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ក្វាង​ចូ​វ វ៉ាន​អាន និង​បាន​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន​៣៨​ខែ គិត​ចាប់ពី​ខែ​មីនា ឆ្នាំ​២០១៥ ដល់​ខែ​ឧសភា ឆ្នាំ​២០១៨​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​បន្ត​ឲ្យដឹង​បន្ថែម​ទៀត​ថា​៖​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​១០ ដែល​កំពុង​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ក្នុង​ពេល​នេះ ផងដែរ មាន​ប្រវែង​សរុប​ចំនួន​១៩៨,៧១​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​សំឡូត​- វាលវែង​-​អូរ​សោម ដល់​កោះកុង នឹង​ត្រូវ​សាងសង់​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​កម្រិត​៣​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​ទទឹង​តួ ផ្លូវ​សរុប​ចំនួន​៩​ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​ចាក់​បេតុង​កៅស៊ូ (AC) ព្រមទាំង​មាន​បំពាក់​ផ្លាកសញ្ញា​ចរាច​រណ៍ គំនូស​ចរាចរណ៍ បង្គោលគីឡូម៉ែត្រ និង​បង្គោល​សុវត្ថិភាព​ផងដែរ​។ ដោយ​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​១០​នេះ គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ​១៨៨,៣៨​លាន​ដុល្លារ សហរដ្ឋអាមេរិក ដែល​ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួម​ជាមួយ​ថវិកា បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​គ្រាប់មីន យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន ត្រួតពិនិត្យ​បច្ចេកទេស​សាង សង់​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស​ក្វាង​ចូ​វ វ៉ាន​អាន និង​គម្រោង​ចំណាយ​ពេល​សាងសង់​ចំនួន ៤៨​ខែ គិត​ចាប់ពី​ខែ​ធ្នូ ឆ្នាំ​២០១៩ ដល់​ខែ​ធ្នូ ឆ្នាំ​២០២៣​។

​នៅក្នុង​ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិ​លេខ​៥៥ និង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ជាតិ​លេខ​១០, ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជម្រាបជូន​អង្គពិធី​អំពី​យុទ្ធសាស្ត្រ​ផ្នែក​សេដ្ឋកិច្ច​ទាក់ទង នឹង​ផ្លូវជាតិ​លេខ​៥៥ និង​ផ្លូវជាតិ​លេខ​១០​ថា​៖ ផ្លូវ​ពីរ​ខ្សែ​នេះ​គឺជា​សរសៃឈាម​សេដ្ឋកិច្ច​ជាតិ​ដ៏​មាន​សក្តានុពល​របស់​កម្ពុជា អាចជួយ​សម្រួល​ដល់​ការតភ្ជាប់​ទំនាក់ទំនង​គមនាគមន៍ រវាង​ខេត្ត​ពោធិ៍សាត់ ខេត្ត​បាត់ដំបង និង​ខេត្ត​កោះកុង ក៏​ដូចជា​ធ្វើ​សមាហរណកម្ម​ត​ភ្ជាប់​ផ្ទៃ​ក្នុង​ប្រទេស និង​ជាមួយ​តំបន់ រួមចំណែក​ក្នុង ការលើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការដោះដូរ​ពាណិជ្ជកម្ម វិនិយោគ ដំណាំ​កសិផល ក​សិ​-​ឧស្សាហកម្ម និង ទេសចរណ៍​បាន​ឆាប់រហ័ស និង​ចំណាយ​តិច ជាពិសេស​ជាមួយ​ប្រទេសជិតខាង តាមរយៈ​ច្រកទ្វារ ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ នៅ​ថ្មដា​ក្នុង​ខេត្ត​ពោធិ៍សាត់ នៅចាំ​យាម​ក្នុង​ខេត្ត​កោះកុង និង​កំពង់ផែ​សមុទ្រ ទឹក​ជ្រៅ​នៅក្នុង​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង​។​

​គួរ​រំឭក​ផងដែរ​ថា នៅ​សម័យ​សង្គ្រាម​តំបន់​វាលវែង​នេះ គឺជា​សមរភូមិ​ប្រយុទ្ធ​យ៉ាង​ក្តៅគគុក ប៉ុន្តែ​តាមរយៈ ការអនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី តំបន់​នេះ​ត្រូវបាន​ធ្វើ​សមាហរណកម្ម ទាំងស្រុង និង​បានប្រែក្លាយ​ទៅជា​ដែនដី​រដ្ឋបាល​តែមួយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ត្រូវបាន​អភិវឌ្ឍ គ្រប់​វិស័យ​ជា​បន្តបន្ទាប់​ក្រោម​ម្លប់​សន្តិសុខ និង​សេរីភាព​ពេញលេញ​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ជាពិសេស​ធនាគារ​អាហរ័ណ​-​នីហរ័ណ​ចិន ដែល​បាន​គាំទ្រ និង​សហការ​ផ្តល់​ឥណទាន និង​ជំនួយ​បច្ចេកទេស​ជា​បន្ដបន្ទាប់​សម្រាប់​ការសាងសង់ ស្ដារ និង​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន នៅ​កម្ពុជា ដើម្បី​រួមចំណែក​ដល់​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​វឌ្ឍនភាព​សង្គម និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​បាន​ជួយ​ជ្រោមជ្រែង​ក្នុង​ស្ថាបនា​ផ្លូវ​នេះ ព្រមទាំង​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​នេះ​សូម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​ជៀសវាង​គ្រោះ​ចរាចរណ៍​។

​ឆ្លៀត​ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិ​លេខ​៥៥​នោះដែរ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​បាន​មានប្រសាសន៍ថា​៖<<​ជ័យជំនះ​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ​បានផ្តល់​សុខសន្តិភាព និង​ឱកាស​បន្ថែម​ឱ្យ​កម្ពុជា​អនុវត្ត និង​សម្រេចបាន​ជោគជ័យ​នូវ​គោលដៅ ចំនួន​ពីរ​នៃ​ការអភិវឌ្ឍ​ប្រទេស​គឺ​៖ ទីមួយ ការ​ប្រែក្លាយ​តំបន់​អតីត​សមរភូមិ​ទាំងអស់​ឱ្យទៅ​ជា​ទីផ្សារ និង​ជា​តំបន់​ដែល​មាន​ការអភិវឌ្ឍ និង​ទី​ពីរ ការ​ប្រែក្លាយ​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ទាំង​អស់ ឱ្យទៅ​ជា​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ ដោយ​ផ្តើមចេញពី​យុទ្ធសាស្ត្រ​ឈ្នះ​-​ឈ្នះ និង​គោលនយោបាយ​បង្រួបបង្រួម​ជាតិ ទៅ​ជា​គោលនយោបាយ​អភិវឌ្ឍ តាមរយៈ​យុទ្ធសាស្ត្រ ត​ភ្ជាប់​តំបន់​ដាច់ស្រយាល តំបន់​ព្រំដែន និង​តំបន់​គ្រប់គ្រង​ដោយ​អតីត​កម្លាំង​ខ្មែរក្រហម​ទាំងនោះ ឱ្យទៅ​ជា​ទីផ្សារ និង​ជា​តំបន់​ដែល​មាន​ការអភិវឌ្ឍ​>>​។

​ជាមួយគ្នា​នោះ​ដែរ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បន្ត​ឲ្យដឹងថា​៖<<​រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​បន្ត​ផ្តល់​អាទិភាព​ខ្ពស់​លើ ការស្តារ និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ទាំង​ផ្លូវគោក ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស ស្ពាន និង កំពង់ផែ ដើម្បី​លើកកម្ពស់​ការតភ្ជាប់​តំបន់​ដាច់ស្រយាល​ឱ្យមក​កៀក​នឹង​ទីក្រុង ទីប្រជុំជន រមណីយដ្ឋាន ធម្មជាតិ​និង​ប្រវត្តិសាស្ត្រ​នានា និង​ត​ភ្ជាប់​ជាមួយ​បណ្តាញ​ផ្លូវ​នៃ​ប្រទេស​ជិតខាង​ក្នុង​តំបន់ និង​ពិភពលោក សំដៅ​បង្កើត​បរិយាកាស​វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ កិច្ចសហប្រតិបត្តិការ​ល្អ​នៅតាម ព្រំដែន បង្កើត​មុខរបរ បង្កើន​ចំណូល​គ្រួសារ លើកកម្ពស់​សុខុមាលភាព​សង្គម និង​ការអប់រំ ជូន​ប្រជា ពលរដ្ឋ ដើម្បី​ឈាន​ទៅ​កាត់បន្ថយ​ភាពក្រីក្រ​ឱ្យបាន​ឆាប់រហ័ស​>>៕

Share this post

Post Comment