អភិបាលខេត្តកំពតអញ្ជើញដាក់ឲ្យដំណើរការផ្លូវលំគ្រួសក្រហមមួយខ្សែប្រវែង២៥០ម៉ែត្រ ទទឹង៧ម៉ែត្រ នៅស្រុកកំពង់ត្រាច

អភិបាលខេត្តកំពតអញ្ជើញដាក់ឲ្យដំណើរការផ្លូវលំគ្រួសក្រហមមួយខ្សែប្រវែង២៥០ម៉ែត្រ ទទឹង៧ម៉ែត្រ នៅស្រុកកំពង់ត្រាច

កំពត៖ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត កំពត នៅព្រឹកថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញដាក់ឲ្យដំណើរការផ្លូវលំគ្រួសក្រហមមួយខ្សែប្រវែង២៥០ម៉ែត្រ ទទឹង៧ម៉ែត្រ ស្ថិតនៅឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ដោយមានការចូលរួមពី អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលស្រុកកំពង់ត្រាច និងប្រជាពលរដ្ឋ។ 

ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅក្នុងឃុំព្រែកក្រឹស ក្នុងការប្រកបមុខរបរ និងធ្វើពាណិជ្ជកម្មផ្សេងៗ និងសំណូមរបស់ប្រជាពលរដ្ឋ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានចំណាយថវិកាសាងសង់អស់ប្រមាណជាង៣០លានរៀល សាងសង់ផ្លូវមួយខ្សែ ដោយក្រាលគ្រួសក្រហម ប្រវែង២៥០ម៉ែត្រ ទទឹង៧ម៉ែត្រ។

ឯកឧត្តម ជាវ តាយ បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងដំណើរការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន នៅមូលដ្ឋាន។ ផ្លូវនេះ ពិតជាបានចូលរួមចំណែកក្នុងការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករនៅមូលដ្ឋានពីឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច តភ្ជាប់ទៅឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ហើយឯកឧត្តម បានសំណូមពដល់ប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវនេះឲ្យយូរអង្វែង និងចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា នូវវិធានការ ៣ការពារ និង ៣កុំ ក្នុងការចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩។

គួរជម្រាបថាការកសាងផ្លូវមួយខ្សែនេះគឺដើម្បីឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋក្នុងអង្គវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តប្រចាំឆ្នាំ២០២០ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច៕

Share this post

Post Comment