អាជ្ញាធរខេត្តមណ្ឌលគិរីសង្កត់ធ្ងន់ថា «ចំពោះអ្នកលួចចូលឬអ្នកបើកបរណាដែលហ៊ានលួចដឹកមនុស្សចូលមកខេត្តមណ្ឌលគិរីដោយខុសច្បាប់ អាជ្ញាធរខេត្ត នឹងអនុវត្តវិធានការរដ្ឋបាល ឬចាប់បញ្ជូនទៅតុលាការតែម្ដង»       

អាជ្ញាធរខេត្តមណ្ឌលគិរីសង្កត់ធ្ងន់ថា «ចំពោះអ្នកលួចចូលឬអ្នកបើកបរណាដែលហ៊ានលួចដឹកមនុស្សចូលមកខេត្តមណ្ឌលគិរីដោយខុសច្បាប់ អាជ្ញាធរខេត្ត នឹងអនុវត្តវិធានការរដ្ឋបាល ឬចាប់បញ្ជូនទៅតុលាការតែម្ដង»       

មណ្ឌលគិរី ៖ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ជាពិសេសក្រុងសែនមនោរម្យ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ក្រុមការងារដឹកនាំត្រួតពិនិត្យទប់ស្កាត់ការចេញចូលប្រជាពលរដ្ឋដែលមានហានិភ័យឆ្លងរាលដាលជំងឺកូវីដ១៩ ក្រុងសែនមនោរម្យ បានបើកកិច្ចប្រជុំមួយ ក្នុងគោលបំណងដើម្បីរឹតបន្តឹង គ្រប់គ្រង និងការដាក់ចេញនូវវិធានការនានា ចំពោះអ្នកដែលបានលួចឆ្លងចូលមកក្រុងសែនមនោរម្យ។ 

កិច្ចប្រជុំនេះដឹកនាំដោយ លោក សាយ ម៉េងគីម អភិបាលរងខេត្ត និងជាប្រធានក្រុមការងារក្រុងសែនមនោរម្យ ដោយមានការចូលរួមពីសមាជិក ១៤រូប រួមមាន​ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី​ លោកអភិបាលក្រុង ប្រធានមន្ទីរ ចៅសង្កាត់ ​ផងដែរ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

លោក សាយ ម៉េងគីម បានថ្លែងថា ប៉ុន្មានថ្ងៃចុងក្រោយនេះ មានអ្នកលួចធ្វើដំណើរឆ្លងពីរាជធានី ខេត្ត ចូលមកកាន់ក្រុងសែនមនោរម្យ ជាបន្តបន្ទាប់ តាមរយៈការធ្វើដំណើរតាមផ្លូវវាងឬ ការចុះដើរគេចពីកន្លែងត្រួតពិនិត្យ ជាដើម ដែលករណីនេះបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីហានិភ័យដែលអាចឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងក្រុងសែនមនោរម្យ។ ប្រឈមមុខនឹងបញ្ហាខាងលើនេះ ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី បានចេញសេចក្ដីសម្រេចលេខ០២៣ ស្ដីពី ការចាត់តាំងក្រុមការងារដើម្បីដឹកនាំត្រួតពិនិត្យទប់ស្កាត់ការចេញចូលពលករ កម្មករ និង ប្រជាពលរដ្ឋដែលមានហានិភ័យឆ្លងរាលដាលជំងឺកូវីដ១៩ និងសម្របសម្រួលការចាក់វ៉ាក់សាំងកូវី-១៩ នៅតាមក្រុង-ស្រុកក្នុងខេត្តមណ្ឌលគិរី។

លោកអភិបាលរងខេត្តបានបន្តថា អាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធ និងក្រុមការងារសុខាភិបាល បានខិតខំយ៉ាងខ្លាំងក្នុងការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្ត តាមរយៈការចុះផ្សព្វផ្សាយពីជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋជាប្រចាំការដាក់កងកម្លាំងតាមព្រំប្រទល់ខេត្ត ដើម្បីទប់ស្កាត់ប្រជាពលរដ្ឋពីខេត្តផ្សេងលួចឆ្លងចូលមកខេត្តមណ្ឌលគិរី និងការចុះហាមឃាត់ប្រជាពលរដ្ឋជួបជុំផឹកស៊ី ព្រមទាំងការតាមដាន ប្រមូលអ្នកដែលទើបចូលមកខេត្តយកទៅធ្វើចត្តាឡីស័កនៅមណ្ឌល ឬនៅតាមផ្ទះ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍។

បន្ថែមពីលើវិធានការដែលកំពុងអនុវត្តនេះ អភិបាលរងខេត្ត បានស្នើឲ្យចៅសង្កាត់ទាំងបួន ចុះផ្សព្វផ្សាយនៅតាមផ្ទះជួល ឬបន្ទប់ជួល ត្រូវសហការជាមួយនឹងអាជ្ញាធរ ដោយត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីដែលមានអ្នកចំណូលថ្មី។ អាជ្ញាធរពាក់ព័ន្ធ ត្រូវចិត្តទុកដាក់ឃ្លាំមើល អ្នកធ្វើចត្តាឡីសក័នៅតាមផ្ទះ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ចំពោះរថយន្តដឹកទំនិញ លោកអភិបាលរងខេត្តនឹងស្នើសុំគោលការណ៍ពីឯកឧត្តមអភិបាលខេត្ត ដើម្បីកំណត់អត្តសញ្ញាណអ្នកបើកបរ និង ព្រូឡាន អោយបានច្បាស់លាស់ ចៀសវាងការលួចលាក់ដឹកមនុស្សចូលដោយខុសច្បាប់។

លោក សាយ ម៉េងគីម បានសង្កត់ធ្ងន់ថា «ចំពោះអ្នកលួចចូល ឬ អ្នកបើកបរណាដែលហ៊ានលួចដឹកមនុស្សចូលមកខេត្តមណ្ឌលគិរីដោយខុសច្បាប់ អាជ្ញាធរខេត្ត នឹងអនុវត្តវិធានការរដ្ឋបាល ឬចាប់បញ្ជូនទៅតុលាការតែម្ដង»។

លោក សាយ ម៉េងគីម បានស្នើដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ឲ្យបន្តចុះផ្សព្វផ្សាយអប់រំពីជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ រាយការណ៍ដល់អាជ្ញាធរមូលដ្ឋានក្នុងករណីដែលមានអ្នកចំណូលស្រុកថ្មី ព្រមទាំងជំរុញឲ្យប្រជាពលរដ្ឋចូលរួមចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ឲ្យបានគ្រប់គ្នា៕

Share this post

Post Comment