អភិបាលខេត្តរតនគិរីបន្តអំពាវនាវដល់ប្រជាពលរដ្ឋត្រូវគោរពវិធានការរបស់រាជរដ្ឋាភិបាលដើម្បីអាចគ្រប់គ្រងបានសភាពការចម្លងមេរោគកូវីដ-១៩ និងឈានទៅរកប្រក្រតីភាពឡើងវិញ

អភិបាលខេត្តរតនគិរីបន្តអំពាវនាវដល់ប្រជាពលរដ្ឋត្រូវគោរពវិធានការរបស់រាជរដ្ឋាភិបាលដើម្បីអាចគ្រប់គ្រងបានសភាពការចម្លងមេរោគកូវីដ-១៩ និងឈានទៅរកប្រក្រតីភាពឡើងវិញ

រតនគិរី៖ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី នៅថ្ងៃ២២ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងចុះពិនិត្យទីតាំងដើម្បីដាក់គោលដៅត្រួតពិនិត្យ ការអនុវត្តសេចក្តីសម្រេច ស្តីពីការបន្តហាមឃាត់ការធ្វើដំណើរឆ្លងខេត្តនៅទូទាំងប្រទេស ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំណុចព្រំប្រទល់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង(ចំណុចក្របីជ្រុំ ផ្លូវជាតិលេខ៧៨ចាស់)។

ក្នុងការចុះបំពេញបេសកកម្មនេះ អាជ្ញាធរមានសមត្ថកិច្ចបានឃាត់ខ្លួនពលរដ្ឋចំនួន៧នាក់ ដែលលួចធ្វើដំណើរដោយមធ្យោបាយម៉ូតូផ្ទាល់ខ្លួន មកពីខេត្តត្បូងឃ្មុំ និងបានជិះពង្វាងគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ចគល់ស្ពានស្រែពក ផ្លូវជាតិលេខ៧៨ថ្មី ដោយធ្វើដំណើរតាមច្រកផ្លូវជាតិ៧៨ចាស់វិញ។

បច្ចុប្បន្នប្រជាពលរដ្ឋទាំង ៧នាក់ អាជ្ញាធរស្រុកកូនមុំ បាននាំយកមកធ្វើចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យត្រពាំងក្រហម ចំនួន ១៤ថ្ងៃ មុននឹងបន្តអនុវត្តនីតិវិធី។

ក្នុងគ្រានោះ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានអំពាវនាវជាថ្មីម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាគោរពតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញកន្លងមក ដើម្បីអាចគ្រប់គ្រងបានសភាពការចម្លងមេរោគកូវីដ-១៩ និងឈានទៅរកប្រក្រតីភាពឡើងវិញនាពេលខាងមុខនេះ៕

Share this post

Post Comment