ការកំណត់វ៉ាក់សាំងកាតព្វកិច្ចសម្រាប់មន្ត្រីរាជការ និងលក្ខខណ្ឌសម្រាប់ធ្វើជាមន្ត្រី ធ្វើឡើងដើម្បីប្រយោជន៍សាធារណៈ និងដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆ្លងរាលដាលកូវីដ-១៩ មិនមែនដើម្បីប្រយោជន៍ឯកជន ដូចការចោទប្រកាន់របស់សង្គមស៊ីវីលមួយចំនួននោះទេ

ការកំណត់វ៉ាក់សាំងកាតព្វកិច្ចសម្រាប់មន្ត្រីរាជការ និងលក្ខខណ្ឌសម្រាប់ធ្វើជាមន្ត្រី ធ្វើឡើងដើម្បីប្រយោជន៍សាធារណៈ និងដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆ្លងរាលដាលកូវីដ-១៩ មិនមែនដើម្បីប្រយោជន៍ឯកជន ដូចការចោទប្រកាន់របស់សង្គមស៊ីវីលមួយចំនួននោះទេ

ភ្នំពេញ៖ អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន បានបញ្ជាក់ថា ការកំណត់វ៉ាក់សាំងកាតព្វកិច្ចសម្រាប់មន្ត្រីរាជការ និងជាលក្ខខណ្ឌសម្រាប់ធ្វើជាមន្រ្តី មិនមែនជាការរំលោភបំពានសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់នោះទេ ព្រោះថា វាធ្វើឡើងដើម្បីប្រយោជន៍សាធារណៈ ហើយជាពិសេសលក្ខខណ្ឌវ៉ាក់សាំងនេះ គឺដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆ្លងរាលដាលកូវីដ-១៩ មិនមែនដើម្បីប្រយោជន៍ឯកជន ដូចការចោទប្រកាន់របស់សង្គមស៊ីវីលមួយចំនួននោះទេ។

លោក ជិន ម៉ាលីន បានបញ្ជាក់យ៉ាងដូច្នេះក្រោយពីមានក្រុមអង្គការ សមាគម និងសហជីពមួយចំនួនលើកឡើងថា លក្ខខ័ណ្ឌតម្រូវឱ្យបេក្ខជនចាក់វ៉ាក់សាំងជំងឺកូវិដ-១៩ កំពុងធ្វើឱ្យយុវជនជាច្រើនបាត់បង់ឱកាសចូលរួមប្រកួតប្រជែងធ្វើជាមន្រ្តីរាជការជាដើម។ល។

លោក ជិន ម៉ាលីន បានបញ្ជាក់យ៉ាងដូច្នេះទៀតថា៖ «ផ្អែកលើគោលការណ៍ច្បាប់សិទ្ធិមនុស្សជាតិ និងអន្តរជាតិ អាជ្ញាធរសាធារណៈ អាចកំណត់នូវលក្ខខណ្ឌមួយចំនួនបានក្នុងការជ្រើសរើសមន្រ្តី ដូចជាលក្ខខណ្ឌអាយុ បទពិសោធន៍ សញ្ញាបត្រ ពិរុទ្ធភាព ការចាក់វ៉ាក់សាំង ជាដើម។ល។ រួមទាំងលក្ខខណ្ឌផ្សេងទៀតផងដែរ ដែលមានភាពចាំបាច់ និងដើម្បីធានាបាននូវគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពរបស់ស្ថាប័ន ដែលការកំណត់នេះមិនមែនជាការរំលោភបំពានសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់នោះទេ ព្រោះថា វាធ្វើឡើងដើម្បីប្រយោជន៍សាធារណៈ ហើយជាពិសេសលក្ខខណ្ឌវ៉ាក់សាំងនេះ គឺដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆ្លងរាលដាលកូវីដ-១៩ មិនមែនដើម្បីប្រយោជន៍ឯកជននោះទេ»។

លោកអនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានគូសបញ្ជាក់ថា ប្រសិនបើការកំណត់លក្ខខណ្ឌវ៉ាក់សាំងកាតព្វកិច្ចនេះ ជាការរំលោភបំពានសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់ ដូចសង្គមស៊ីវីចោទប្រកាន់មែននោះ ហេតុអ្វីក៏មិនលើកពីលក្ខណ្ឌផ្សេងទៀតដូចជាអាយុ បទពិសោធន៍ និងសញ្ញាបត្រជាដើម។ថាជាការរំលោភបំពានសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់ផងដែរទៅ ព្រោះថាអ្នកដែលមិនអាចបំពេញបានលក្ខខណ្ឌទាំងនេះ មិនអាចប្រឡងធ្វើជាមន្រ្តីបាននោះទេ។

លោក ជិន ម៉ាលីន បានលើកឡើងថា សិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់ មិនមែនមានន័យថា ពលរដ្ឋត្រូវទទួលបាននូវលក្ខខណ្ឌដូចគ្នាទាំងអស់ពីរដ្ឋនៅគ្រប់ករណី និងគ្រប់កាលៈទេសៈនោះទេ គឺអាចមានការលើកលែង ហើយដែលករណីលើកលែងនេះ ធ្វើឡើងក្នុងស្ថានភាពចាំបាច់ និងដើម្បីប្រយោជន៍សាធារណៈ ដូចជាអនីតិជនមិនអាចបោះឆ្នោតបាន អ្នកធ្លាប់មានទោសពីបទឧក្រឹដ្ឋមិនត្រូវបានអនុញ្ញាតឱ្យធ្វើជាមន្រ្តីរាជការ និងលោកសង្ឃមិនអាចបង្កើតបក្សនយោបាយបានជាដើម។ល។ ដែលការកំណត់ទាំងនេះមិនមែនជាការបំពានសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់នោះទេ៕

Share this post

Post Comment